ចូលរួមកម្មវិធីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល ជាមួយមូលនិធិ GX និងកម្មវិធី GX Foundation Khmer Cuisine Charity នៅទីក្រុងហុងកុង តំបន់រដ្ឋបាលពិសេស នៃសាធារណរដ្ឋប្រជាមានិតចិន
ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៤
ទីក្រុងហុងកុង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ អមដោយ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក និងមន្ត្រីសម្របសម្រួលនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ទៅចូលរួមកម្មវិធីម្ហូបអាហារខ្មែរ ដេីម្បីសប្បុរសធម៌ (GX Foundation Khmer Cuisine Charity) នៅទីក្រុងហុងកុង តំបន់រដ្ឋបាលពិសេសនៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
កម្មវិធីនេះត្រូវបានរៀបចំឡេីងដោយមូលនិធិ GX ក្នុងគោលបំណងកៀគរមូលនិធិសម្រាប់ជួយគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡេីងបាយនៅកម្ពុជា និងគម្រោងគ្រប់គ្រងជំងឺគ្រុនឈាមផង និងដេីម្បីផ្សព្វផ្សាយជំរុញលេីកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ផង ដែលមានការអញ្ជេីញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហុងកុង។
ក្នុងអំឡុងពេលបេសកកម្មនេះ គណៈប្រតិភូក្រសួងសុខាភិបាល ក៏បានអញ្ជេីញទៅទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រងជំងឺ ប្រព័ន្ធសុខាភិបាលហុងកុងនៅមជ្ឈមណ្ឌលការពារសុខភាពទីក្រុងហុងកុង មន្ទីរពេទ្យភ្នែកទីក្រុងហុងកុង និងស្នាក់ការកណ្តាលរបស់មូលនិធិ GX។ គណ:ប្រតិភូបានបានស្វែងយល់បន្ថែមពីការធ្វេីនវានុវត្តន៍ប្រព័ន្ធសុខាភិបាល បបច្ចេកវិទ្យាទំនើបនៃការព្យាបាលភ្នែក នៅមន្ទីរពេទ្យភ្នែកទីក្រុងហុងកុង។ គណប្រតិភូក៏បានស្តាប់របាយការណ៍វឌ្ឍនភាព នៃការអនុវត្តគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡេីងបាយនៅកម្ពុជា និងគម្រោងគ្រប់គ្រងជំងឺគ្រុនឈាម ព្រមទាំងបានពិភាក្សាអំពីការបន្តពង្រីកគម្រោងទាំង២នេះ ទៅខេត្តផ្សេងទៀត ដែលគម្រោងនេះនឹងចូលរួមចំណែកឈានឆ្ពោះទៅការសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសាកលនៅកម្ពុជានាឆ្នាំ២០៣៥ ជាពិសេស ដេីម្បីសម្រេចឱ្យបានជ្រុងមួយ ស្តីពីការលេីកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ស្បាហាប់ និងរស់រវេីក ប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។