ការចុះត្រួតពិនិត្យការងារគ្រប់គ្រងឱសថនៅក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងការងារពង្រឹងគុណភាពការផ្ដល់សេវាសុខាភិបាលក្នុងមណ្ឌលសុខភាព
ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៤
ខេត្តប៉ៃលិន៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះទៅខេត្តប៉ៃលិនដើម្បីចុះអភិបាលការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្តប៉ៃលិន(CPA២)។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១) ការងារគ្រប់គ្រងមណ្ឌលសុខភាពទាំងមូល
២) ការងារពង្រឹងគុណភាពការផ្ដល់សេវាសុខាភិបាលក្នុងមណ្ឌលសុខភាពទាំងមូល
៣) អនាម័យក្នុងបរិវេណមណ្ឌលសុខភាព
៤) អនាម័យក្នុងមណ្ឌលសុខភាព
៥) អនាម័យក្នុងឃ្លាំងឱសថ
៦) ការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាពទាំងអស់ និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន កម្រិត(CPA២) នៅក្នុងខេត្តប៉ៃលិន ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរ គោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាឱ្យបានគ្រប់២៤ ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តសិទ្ធិភាព និងសមធម៌។