ជំនួបពិភាភ្សាស្វែងរកការគាំទ្រ និងឱកាសសហការក្នុងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC-BIF) នៅកម្ពុជា
ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយក្រុមការងារដៃគូអភិវឌ្ឍសុខាភិបាល រួមមានអង្គការ Clinton Health Access Initiative (CHAI) អង្គការបម្រើសុខភាពប្រជាជនអន្តរជាតិ (PSI) និងអង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ (RACHA) ក្នុងគោលបំណងផ្ដល់ការណែនាំ ដើម្បីបង្កើនការយល់ដឹងអំពីទិសដៅអាទិភាព និងឱកាសក្នុងការសហការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា (PHC-BIF) សំដៅរួមចំណែកក្នុងការពង្រឹងសុខភាពរួម។
ក្នុងកិច្ចប្រជុំនេះ សហភាតរដៃគូអភិវឌ្ឃ៊ន៍អន្តរជាតិបានសម្តែងជាថ្មីម្តងទៀត នូវការកោតសសើរ និងការពេញចិត្ត ដោយបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹង អំពីលទ្ធផលទាំងឡាយដែលទទួលបាន រួមទាំងសកម្មភាពកាងារលើការថែទាំសុខភាពបឋម ដែលត្រូវបានយកចិត្តទុកដាក់ និងតម្កល់ជាអាទិភាពលើអាទិភាពពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានពាំនាំប្រសាសន៍ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី អំពីការបន្តជម្រុញអោយបានកាន់តែផុលផុស ខ្លាំងក្លាលើកិច្ចការ “លើកកម្ពស់ការថែទាំសុខភាពបឋម” ដែលពិតជាបានផ្តល់ផ្លែផ្ការ ផ្ទាល់ និងភ្លាមៗ ដល់សហគមន៍ តាមរយះការលើកកម្ពស់ការយល់ដឹងលើការអប់រំថែទាំសុខភាព ការងាយទៅស្ខែងរកសេវាសុខភាពដែលនៅជិតបំផុត ការបង្ការសុខភាពពីជំងឺមិនឆ្លង ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺមហារីក ការយល់ដឹងនិងបង្ការជំងឺឆ្លង និងចំណឹងដឹងលើការទទួលទានប្រចាំថ្ងៃ (nutritional facts) ជាដើម។ ឆ្លើយតបការលើកឡើង សហភាតរដៃគូអភិវឌ្ឃន៍ទាំងអស់ បានបង្ហាញជំហរគាំទ្រ និងពាំនាំអនុសាសន៍ឯកឧត្តមសាស្ត្រាចារ្យ ទៅបន្តពិនិត្យកម្រឹតបច្ចេកទេសលំអិតជាមួយនាយកដ្ឋានជំនាញពាក់ពន្ធ័ សំរាប់ការចូលរួមរៀបចំសកម្មភាពការងារ និងការអនុវត្តន៍ជាបន្តសម្រាប់ឆ្នាំបន្តបន្ទាប់។
កិច្ចប្រជុំនេះ រៀបចំឡើងនៅទីស្ដីការក្រសួងសុខាភិបាល មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ និងតំណាងមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។ ក្រុមការងារដៃគូអភិវឌ្ឍសុខាភិបាល រួមមាន លោកស្រី Soleine Scotney នាយិកាប្រចាំប្រទេសអង្គការ CHAI លោកស្រី ជី សុជាតិ នាយកប្រតិបត្តិអង្គការ PSI លោក Jim Malster ប្រធានអង្គភាពលើកកម្ពស់ឥរិយាបថសុខភាព និងលោកស្រី ចាន់ ធារី នាយកប្រតិបត្តិអង្គការ RACHA។