Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ក្រុមការងារជំនាញឯកទេសសម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់មូលដ្ឋានសុខាភិបាលឯកជន នៃក្រសួងសុខាភិបាល ចុះពិនិត្យមន្ទីរពហុព្យាបាល សកលវិទ្យាល័យអន្តរជាតិ(IU)​ សែនសុខ
ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ​ ៣កើតខែស្រាពណ៍​ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧​ ខែសីហា​ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សាស្ត្រាចារ្យ ឡឹម តារា​ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារជំនាញឯកទេសសម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់មូលដ្ឋានសុខាភិបាលឯកជននៅព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ ជាទីប្រឹក្សា អគ្គនាយករងបច្ចេកទេស ប្រធាននាយកដ្ឋាននីតិកម្ម ប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងអនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ទីរពហុព្យាបាល សកលវិទ្យាល័យអន្តរជាតិ (IU) សែនសុខ ដែលមានទីតាំងស្ថិតនៅ លេខ៩១-៩៦ ផ្លូវលេខ១៩៨៦ ខណ្ឌសែសុខ រាជធានីភ្នំពេញ។

គោលបំណងនៃការចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលឯកជន គឺដើម្បីឱ្យបាននូវការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ស័ក្តសិទ្ធភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ដែលអញ្ជើញទៅទទួលសេវាពិនិត្យ ព្យាបាល និងថែទាំជំងឺ។ ដូចនេះ គ្រប់មូលដ្ឋានផ្តល់សេវាសុខាភិបាលឯកជនទាំងអស់​ ត្រូវគោរពតាមលិខិតបទដ្ឋានគតិយុត្ត លក្ខណៈបទដ្ឋានបច្ចេកទេស មានធនធានមនុស្សដែលប្រកបដោយសមត្ថភាពជំនាញ និងបទពិសោធន៍ច្បាស់លាស់ និងមានក្រមសីលធម៌វិជ្ជាជីវៈ និងមានអាជ្ញាប័ណ្ឌគណៈវិជ្ជាជីវៈត្រឹមត្រូវ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈបរិក្ខារពេទ្យគ្រប់គ្រាន់។

ក្រុមការងារបានធ្វើការចុះត្រួតពិនិត្យជាក់ស្តែងនៅតាមជាន់ និងបន្ទប់នីមួយៗ អំពីដំណើរការនៃការបម្រើសេវាទាំងសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ វះកាត់ សម្ភព ។ ល។ និងពិនិត្យឧបករណ៍ សម្ភារៈ ឱសថ តាមកម្រិតជំនាញនៃការផ្តល់សេវា។ បន្ទាប់មកក្រុមការងារបានចូលប្រជុំស្តាប់នូវបទបង្ហាញពីខាងមន្ទីរពហុព្យបាល និងមានការសួរនាំអោយមានការបំភ្លឺបន្ថែមពីសំណាក់ភាគីមន្ទីរពហុព្យាបាល។ 

ក្នុងនោះដែរ ក្រុមការងារក៏បានរកឃើញពីចំនុចល្អ និងការខ្វះខាតមួយចំនួនដែលតម្រូវឱ្យភាគីខាងមន្ទីរពហុព្យាបាលធ្វើការកែតម្រូវ និងបំពេញបន្ថែមឱ្យបានគ្រប់តាមនិយាម ស្តង់ដាក្នុងរយៈពេលកំណត់ជាក់លាក់មួយ។ ជាចុងក្រោយ តំណាងមន្ទីរពហុព្យាបាលបានថ្លែងអំណគុណដល់ក្រុមការងារយើង ដែលស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការកែទំរង់ទាំងផ្នែកសាធារណៈ និងឯកជនដើម្បីការបំរើសេវាសុខាភិបាលប្រកបដោយគុណភាព និងសុវត្ថិភាពជូនប្រជាជនយើង។ ពូកគាត់នឹងខិតខំសហការជាមួយក្រសួង ដើម្បីធ្វើការបំពេញនូវចំណុចខ្វះចន្លោះអោយបានល្អប្រសើរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍