Event
សេចក្តីថ្លែងអំណរគុណរបស់ក្រសួងសុខាភិបាល
សេចក្តីថ្លែងអំណរគុណរបស់ក្រសួងសុខាភិបាល៖
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាលទាំងអស់ ក្នុងនាមក្រសួងសុខាភិបាល សូមសំដែងនូវការកោតសរសេីរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក និងលោកគ្រូ-អ្នកគ្រូពេទ្យទាំងអស់នៅតាមមូលដ្ឋានសុខាភិបាលសាធារណ:នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំលះបង់ពេលវេលាផ្ទាល់ខ្លួនទាំងមិនបានសម្រាកនៅជួបជុំក្រុមគ្រួសារនាអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព បានយ៉ាងល្អប្រសេីរក្នុងភាពទទួលខុសត្រូវខ្ពស់ ហេីយឯកឧត្តម លោកជំទាវ លោក-លោកស្រីប្រធានមន្ទីរពេទ្យជាតិទាំងអស់និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ក៏បានចាត់ចែងដឹកនាំរៀបចំការផ្តល់សេវាសង្គ្រោះបន្ទាន់នៅតាមទីតាំងរៀងៗខ្លួនបានយ៉ាងរលូននិងមានប្រសិទ្ធិភាពខ្ពស់។ សូមកោតសរសេីរ និងប្រសិទ្ធិពរជ័យជូនដល់លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យទាំងអស់ នូវពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងមានសុខភាពល្អទាំងអស់គ្នា ដេីម្បីបន្តបេសកកម្មផ្តល់សេវាសុខាភិបាល ឲ្យកាន់តែល្អប្រសេីរ ប្រកបដោយសមធ៌ម ប្រសិទ្ធិភាព និងគុណភាព។ សូមអរគុណ និងសួរស្តីឆ្នាំថ្មី!
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
ការធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពរបស់ឱសថដែលទទួលបានការអនុញ្ញាតអោយចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺជាការងារចម្បង
ការធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពរបស់ឱសថដែលទទួលបានការអនុញ្ញាតអោយចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺជាការងារចម្បង និងមានសារៈសំខាន់ចាំបាច់ក្នុងការលេីកកម្ពស់គុណភាពសេវាសុខាភិបាល៖
នាថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីចូលរួមបិទសិក្ខាសាលាថ្នាក់ជាតិស្តីពី ការត្រួតពិនិត្យគុណភាពឱសថលើទីផ្សារ ដល់មន្ត្រីសុខាភិបាលមកពីនាយកដ្ឋានឱសថ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៏ សើស្បែក និងកាមរោគ ឃ្លាំងឱសថកណ្តាល និងលោក លោកស្រី ជាភ្នាក់ងារត្រួតពិនិត្យឱសថ មកពីមន្ទីរសុខាភិបាលរាជធានី ខេត្តចំនួន១២ ដែលសិក្ខាសាលានេះរៀបចំឡើងដោយនាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោក និង USP Global Public Health Asia ។ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថាគុណភាពឱសថមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធទៅនឹងគុណភាពនៃការព្យាបាល បើឱសថមិនមានគុណភាពត្រឹមត្រូវតាមបទដ្ឋាទបច្ចេកទេសទេនោះ គុណភាពនៃការព្យាបាលមិនអាចទទួលបានជោគជ័យឡើយ ទោះបីជា គ្រូពេទ្យនោះមានជំនាញនិងពូកែយ៉ាងណាក៏ដោយ។ ឱសថអន់គុណភាព ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។ ក្រសួងសុខាភិបាលតែងតែយកចិត្តទុកដាក់ និងគាំទ្រយ៉ាងសកម្ម ដល់សកម្មភាពគ្រប់គ្រង និងតាមដានគុណភាពឱសថក្នុងប្រទេសកម្ពុជា ជាក់ស្តែង ចំពោះឱសថដែលបានអនុញ្ញាតឲ្យដាក់លក់ ឬចរាចរណ៍ លើទីផ្សាហើយនោះ ក្រសួងសុខាភិបាលបានចាត់ឲ្យភ្នាក់ងារត្រួតពិនិត្យឱសថ ចុះត្រួតពិនិត្យជាប្រចាំ និងទិញឱសថពីទីផ្សារ ដើម្បីយកមកវិភាគគុណភាពឡើងវិញ ហើយបានចាត់វិធានការចំពោះឱសថណាដែលមានគុណភាពមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ សិក្ខាសាលានេះបានផ្តល់ចំណេះដឹងអំពីការប្រើប្រាស់ឧបករណ៍សម្រាប់កំណត់មុខឱសថ និងទីតាំងដែលត្រូវធ្វើការស្រង់ឱសថដោយផ្អែកលើហានិភ័យ។ បើយើងអនុវត្តតាមឧបករណ៍នេះយើងនឹងជ្រើសរើសបាន មុខឱសថ និងទីតាំងដែលត្រូវចុះស្រង់បានចំគោលដៅ ដោយប្រើប្រាស់ថវិកាតិច និងចំណេញពេលវេលា។ សិក្ខាសាលានេះ ក៏បានកែលម្អផងដែរនូវពិធីសារសម្រាប់ការតាមដានគុណភាពឱសថ ឲ្យស្របតាមស្ថានភាពជាក់ស្តែងក្នុងប្រទេសបច្ចុប្បន្ន។
ក្នុងឱកាសនេះតំណាងអង្គការ USP Global Public Health Asia លោកបណ្ឌិត Souly Phanouvong បានលើកឡើងថាទោះបីជាមានការយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពឱសថយ៉ាងណាក៏ដោយ ឱសថអន់គុណភាព នៅតែមាននៅលើទីផ្សារ និងជាកង្វល់សុខភាពជាសកល ដែលតែងតែបង្កគ្រោះថ្នាក់ដល់ជីវិត និងបង្កអោយមានភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគ។ សិក្ខាសាលាស្តីពីការត្រួតពិនិត្យឱសថនៅលើទីផ្សារដោយយោងទៅតាមហានិភ័យ បានចូលរួមចំណែកដល់ការពារ ការរកឲ្យឃើញ និងការចាត់វិធានការអោយបានឆាប់ចំពោះឱសថក្លែងក្លាយ និងអន់គុណភាព ដែលសិក្ខាសាលានៅកម្ពុជានាពេលនេះជាគំរូ សម្រាប់ប្រទេសក្នុងតំបន់។ តំណាងអង្គការសុខភាពពិភពលោកអញ្ជេីញមកពីទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកស្រី Diana Aram Lee (Technical Officer, Substandard and Falsified Medical Products Group) បានបញ្ជាក់បន្ថែមថាបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាពមិនមែនជាបញ្ហាដែលមាននៅតែប្រទេសណាមួយនោះទេ ប៉ុន្តែវាជាបញ្ហដែលកើតមានឡើងជាសកលដែលយើងត្រូវតែរួមគ្នាដោះស្រាយ។ អង្គការសុខភាពពិភពលោកមានការប្តេជ្ញាចិត្តក្នុងការពង្រឹងសម្ថភាព មន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថ រួមបញ្ចូលទាំងការគាំទ្រលើសកម្មភាពត្រួតពិនិត្យឱសថនៅលើទីផ្សារផងដែរ។
ដើម្បីធានាឲ្យបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពរបស់ឱសថ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្ថែមថា ការងារត្រួតពិនិត្យគុណភាពឱសថនេះ តម្រូវឲ្យមានការចូលរួមពីផ្នែកពាក់ព័ន្ធដែលបានទទួលការបណ្តុះបណ្តាលនាពេលនេះរួចហេីយ និងបានណែនាំដូចតទៅ៖
− នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងមន្ទីរសុខាភិបាលរាជធានី/ខេត្ត ត្រូវធ្វើការចុះត្រួតពិនិត្យឲ្យបានទៀងទាត់ជាប់ជាប្រចាំ ដល់ គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានលក់ឱសថ ទៅតាមភារកិច្ច នៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។
− នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងកម្មវិធីជាតិនានា ដែលធ្វើការត្រួតពិនិត្យ គុណភាពឱសថលើទីផ្សារ ត្រូវធ្វើការកំណត់មុខឱសថ និងទីតាំង ស្រង់ឱសថ ដោយផ្អែកតាមចំណាត់ថ្នាក់ហានិភ័យ។
− មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលត្រូវបន្តពង្រឹងសមត្ថភាពក្នុងការត្រួតពិនិត្យគុណភាពឱសថ រួមទាំងឱសថបុរាណ ឱសថបំប៉នសុខភាព និងគ្រឿងសំអាងផងដែរ។
– ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវជៀសវាងការប្រើប្រាស់ឱសថ តាមគ្នាដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ និងឱសថដែលលក់តាមបណ្តាញសង្គម និងគេហទំព័រ ព្រោះឱសថទាំងនេះពុំមានសុវត្ថិភាពឡើយ ប៉ុន្តែវាធ្វើឲ្យបងប្អូនខាតបង់ថវិកា ពន្យាពេលវេលានៃការព្យាបាល និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតថែមទៀតផង។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានពាំនាំនូវការកោតសរសើរពីសំណាក់ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដល់ការខិតខំប្រឹងប្រែងកន្លងមករបស់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យវិស័យមួយនេះមានវឌ្ឍន:ភាពគួរជាទីមោទន: ។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នេីសុំដល់អង្គការសុខភាពពិភពលោកនិងអង្គការ USP Global Public Health Asia ជួយបន្តការបណ្តុះបណ្តាលដល់មន្ត្រីទទួលខុសត្រូវត្រួតពិនិត្យផ្នែកឱសថនៃខេត្តដែលនៅសល់ចំនួន១៣ទៀត ដេីម្បីអាចអនុវត្តការងារដ៏សំខាន់នេះបានគ្រប់ខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ព័ត៌មានទទួលបានពីការិយាល័យនិយ័តកម្មនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឲ្យមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ត្រៀមលក្ខណ:ទុកជាមុនដោយមានផែនការត្រឹមត្រូវសម្រាប់អន្តរាគមន៌និងផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋប្រសិនបើមានគ្រោះមហន្តរាយទឹកជំនន់ក្នុងរដូវភ្លៀងដែលកំពុងតែធ្លាក់មកជាបន្តបន្ទាប់
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឲ្យមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ត្រៀមលក្ខណ:ទុកជាមុនដោយមានផែនការត្រឹមត្រូវសម្រាប់អន្តរាគមន៌និងផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋប្រសិនបើមានគ្រោះមហន្តរាយទឹកជំនន់ក្នុងរដូវភ្លៀងដែលកំពុងតែធ្លាក់មកជាបន្តបន្ទាប់។
រដូវភ្លៀងបានមកដល់ហើយក៏កំពុងតែបង្អោរធ្លាក់មកយ៉ាងខ្លាំងនៅតាមតំបន់មួយចំនួន ដែលនឹងអាចមានទឹកជំនន់កើតមានឡើងនៅក្នុងឆ្នាំនេះ បើយោងតាមការព្យាករណ៌ឧតុនិយមលើអាកាសធាតុ និងយោងតាមបទពិសោធន៌ពីគ្រោះមហន្តរាយដោយសារទឹកជំនន់នាឆ្នាំមុនៗ។ ដើម្បីត្រៀមលក្ខណ:ទុកជាមុន ឯកឧត្តមសាស្ត្រាចារ្រ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តាំផ្ញើណែនាំឲ្យមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ រៀបចំផែនការត្រឹមត្រូវសម្រាប់គ្រប់គ្រងកាត់បន្ថយនូវហានិភ័យដោយសារទឹកជំនន់ និងជួយអន្តរាគមន៌ផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រសិនបើមានគ្រោះមហន្តរាយទឹកជំនន់កើតមានឡើងក្នុងរដូវភ្លៀងដែលកំពុងតែធ្លាក់មកជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។
នេះជាការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឱិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាលនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងពាំនាំនូវអនុសាសន៌ណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលជូនថ្នាក់ដឹកនាំនិងមន្ត្រីទទួលបន្ទុកការងារគ្រោះមហន្តរាយនៃមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពសហគមន៍ស្តីពី ការកាត់បន្ថយផលប៉ះពាល់សុខភាពដោយសាការប្រែប្រួលអាកាសធាតុ តាមរយៈការគ្រប់គ្រង និង ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នាព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំចរ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែកក្គដា ឆ្នាំ ២០១៨ នៅសណ្ឋាគារហូលីដេ ទីរួមខេត្តបាត់ដំបង។ លោកជំទាវ បានគូសបញ្ជាក់និងពន្យល់ណែនាំដល់សិក្ខាកាមទាំងអស់ផងដែរថា ៖
១. គោលបំណងនៃការជួបជុំគ្នានាថ្ងៃនេះ គឺដើម្បីផ្តល់ចំណេះដឹងនិងពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្រ្តីសុខាភិបាលលើការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ព្រមទាំងការត្រៀមរៀបចំផែនការពាក់ព័ន្ធនឹងការជួយអន្តរាគមន៌សុខភាពនៅពេលមានទឹកជំនន់។
២. ការប្រែប្រួលអាកាសធាតុជាបាតុភូតឌីណាមិកផងនិងបាតុភូតប្រព្រឹត្តកម្មដោយសារមនុស្សផងហើយសូម្បីតែមនុស្សក៏មានការប្រែប្រួលខ្លួនពីទារក ទៅកុមារ ទៅពេញវ័យ ទៅវ័យចាស់ជរា។ ក៏ដូចគ្នានេះដែរ កត្តាធម្មជាតិក៏មានការ ប្រែប្រួលផងដែរ ប៉ុន្តែវាមានលំនាំផ្សេងៗគ្នា មានកត្តាធម្មជាតិ និងកត្តាមនុស្ស៖
-កត្តាធម្មជាតិដូចជា ទឺកជំនន់ គ្រោះរាំងស្ងួត និងខ្យល់កន្រ្តាក់ រន្ទះបាញ់ជាដើម ។
-កត្តាមនុស្សដូចជាការអភិវឌ្ឍន៍ឆាប់រហ័ស លើឧស្សាហកម្ម ដែលអាចមានការបច្ចេញនូវឧស្ម័នបំពុលបរិស្ថាន និងឧស្ម័នដែលអាចធ្វើឲ្យឡើងកំដៅផែនដី ការសាងសង់អាគារធំៗដែលអាចនឹងមានការទុកដាក់កាកសំណល់ និងការបង្ហូរទឹកស្អុយពុំបានត្រឹមត្រូវ និងខ្វះការ ប្រុងប្រយ័ត្នធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពជាដើម។
៣. បានទាញចំណាប់អារម្មណ៍ដល់សិក្ខាមឱ្សយកចិត្តទុកដាក់ទៅលើគ្រោះទឹកជំនន់ ព្រោះរដូវនេះជារដូវវស្សាអាចនឹងទទួលរងនូវទឹកជំនន់ ហើយនៅពេលដែលមានទឹកជំនន់ធ្វើឱ្សមានបញ្ហាសុខភាពដូចជា ជំងឺបង្ករឡើងដោយសារទឹកមិនស្អាត ការពុលចំណីអាហារ ជំងឺរាគ អាសន្នរោគ ជំងឺដែលបង្ករឡើងដោយភ្នាក់ងារចម្លងមាន គ្រុនចាញ់ គ្រុនឈាម និងជំងឺរមាស់ ភ្នែកក្រហម រលាកផ្លូវដង្ហើម របួសដោយសារការប៉ះទង្គិចនឹងវត្ថុផ្សេងៗ ពស់ចឹក លង់ទឹក និងវិបត្តិផ្លូវចិត្តផងដែរ។
៤. អ្នកដែលងាយរងគ្រោះជាងគេគឺ ស្រ្តី មានផ្ទៃពោះ កុមារ មនុស្សចាស់ និងជនពិការ ដូច្នេះហើយលោកជំទាវអគ្គនាយកបានផ្តល់អនុសាន៍ ដល់សិក្ខាកាមដែលជាប្រធានការិយាល័យស្រុកប្រតិបត្តិ និងប្រធានមណ្ឌលសុខភាព ត្រូវយកចិត្តទុកដាក់រៀបចំផែនការត្រៀមឆ្លើយតប រួមមាន ទីទួលសុវត្ថភាព ទឹកស្អាត ក្រុមគ្រូពេទ្យ សម្ភារៈបរិក្ខា ថ្នាំពេទ្យ សម្រាប់ជួយសង្គ្រោះជនរងគ្រោះដោយ សារទឹកជំនន់ជាពិសេស ការអប់រំ សុខភាពនិងសុវត្ថិភាពចំណីអាហារ និងសុខភាពផ្លូវចិត្ត។
៥. ត្រូវផ្តលនូវសេវាសុខភាពជូនប្រជាពលរដ្ឋរងគ្រោះប្រសិនបើទោះជាមានទឹកជំនន់កើតមានឡើងក៏ដោយ ព្រោះប្រជាពលរដ្ឋនឹងអាចមានបម្លាស់ទីទៅនៅតាមទីទួលសុវត្ថិភាព។
៦. សេវាពិនិត្យផ្ទៃពោះ និងចាក់ថ្នាំបង្ការដល់កុមារ គឺត្រូវតែធ្វើជាចាំបាច់ ដោយក្រុមគ្រូពេទ្យចល័តទៅដល់ទីស្នាក់នៅរបស់ពួកគាត់។
៧. ទីបញ្ចប់លោកជំទាវ បានសំនូមពរ សុំឱ្យសិក្ខាកាមជួយពាំនាំនូវអនុសាន៍ទាំងអស់ទៅជម្រាបជូនដល់ថ្នាក់ដឹកនាំរបស់ខ្លួន គឺត្រូវរៀបចំផែនការដើម្បីឆ្លើយតបឱ្យបានទាន់ពេល និងសូមឱ្យបញ្ជូនសិក្ខាកាមជាស្ត្រីដែលមាន សមត្ថភាពមកចូលរួម ឱ្យបានច្រើនក្នុងវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលា លើកក្រោយៗ ដើម្បីបញ្ជ្រាបយេនឌ័រក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយសារការ ប្រែប្រួលអាកាសធាតុ។
សិក្ខាសិលានេះ មានការអញ្ជើញចូលរួមពីតំណាងគណកម្មការគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន ថ្នាក់ដឹកនាំនិងមន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយនៃនាយកដ្ឋានការពារសុខភាពរបស់ក្រសួងសុខាភិបាល បុគ្គលិកមន្ត្រីសុខាភិបាលមកពីខេត្តចំនួន១៥ និងតំណាងអង្គការសុខភាពពិភពលោកផងដែរ។
ព័ត៌មានទទួលបានពីនាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល។
សកម្មភាពចូលរួមរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលទ្ធផលសន្និសីទអន្តរជាតិថ្នាក់រដ្ឋមន្ត្រី ស្តីពីសុវត្ថិភាពអ្នកជំងឺលើកទី៣ ពីថ្ងៃទី១៣ ដល់ទី១៤ ខែមេសា ឆ្នាំ២០១៨
សេចក្តីជូនព័ត៌មាន អំពីសកម្មភាពចូលរួមរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលទ្ធផលសន្និសីទអន្តរជាតិថ្នាក់រដ្ឋមន្ត្រី ស្តីពីសុវត្ថិភាពអ្នជំងឺលើកទី៣ ពីថ្ងៃទី១៣ ដល់ទី១៤ ខែមេសា ឆ្នាំ២០១៨ ៖
នាថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ និងថ្ងៃសៅរ៌ ១៤រោច ខែចេត្រ ឆ្នាំចរ សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣-១៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោកវេជ្ជបណ្ឌិត ស៊ុង វិនត: ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិថ្នាក់រដ្ឋមន្ត្រី ស្តីពីសុវត្ថិភាពអ្នជំងឺលើកទី៣ ដែលបានប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានគណ:ប្រតិភូនៃបណ្តាប្រទេសចំនួន៤២ ដឹកនាំដោយឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលមកពីគ្រប់តំបន់លើសាកលលោក គណ:ប្រតិភូនៃអង្គការសុខភាពពិភពលោក និងអង្គការអន្តរជាតិនានា នៅលើសាកលលោក និងដៃគូនានា សរុបប្រមាណជា ៥០០នាក់ បានអញ្ជើញចូលរួម។
សន្និសីទអន្តរជាតិថ្នាក់រដ្ឋមន្ត្រីនេះ បានរៀបចំជាដំបូងនៅប្រទេសអង់គ្លេស លើកទី២នៅប្រទេសអាល្លឺម៉ង់ និងលើក ទី៣ គឺប្រទេសជប៉ុនទទួលធ្វើជាម្ចាស់ផ្ទះ។ សន្និសីទលើកទី៣នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សុខភាពនិងដាក់បញ្ចូលសារសំខាន់នៃសុវត្ថិភាពអ្នកជំងឺនៅក្នុងមូលដ្ឋានសុខាភិបាល ដែលផលិតចេញបានពីអង្គសន្និសីទក្នុងរយ:ពេល២ថ្ងៃ ទៅក្នុងប្រព័ន្ធសុខាភិបាលរបស់ប្រទេសនីមួយៗនៅទូទាំងពិភពលោក ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៌ ព័ត៌មាន និងដំណោះស្រាយនានាជុំវិញប្រធានបទនៃអង្គសន្និសីទនេះផងដែរ។
ថ្ងៃទី១នៃអង្គសន្និសីទ មានការជួបប្រជុំឧត្តមមន្ត្រី អ្នកជំនាញការ ទីប្រឹក្សានិងអ្នកបច្ចេកទេសសុខាភិបាល ដោយមានធ្វើបទបង្ហាញនិងពិភាគ្សា ដាក់ចេញនូវសារសំខាន់ៗពាក់ព័ន្ធទៅនឹងបញ្ហាសុវត្ថិភាពអ្នកជំងឺ ហើយដាក់ជូនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅថ្ងៃទី២នៃសន្និសីទអន្តរជាតិ ដែលឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមដោយបានថ្លែងបទអន្តរាគមន៌ផ្តោតលើចំណុចសំខាន់ៗដូចតទៅ៖
១. ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតនិងការដាក់ចេញនូវគោលនយោបាយជាតិគាំពារសុខភាពសង្គមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការផ្តល់សេវាសុខភាពជាសាកលសម្រាប់ប្រជាជនកម្ពុជា ជាពិសេសការផ្តល់សេវាសុខភាពដោយរដ្ឋជាអ្នកចេញថ្លៃសេវាជំនួសតាមរយ:មូលនិធិសមធ៌ម សម្រាប់ជនក្រីក្រ និងបេឡាជាតិសន្តិសុខសង្គមសម្រាប់កម្មករ-កម្មការិនីក្នុងនិងក្រៅប្រព័ន្ធ អ្នកធាក់សុីក្លូ សមាជិក-ជិកាក្រុមប្រឹក្សាភូមិ-ឃុំ-សង្កាត់ មន្ត្រីសាធារណ: មន្ត្រីធ្វើសកម្មភាពដោះមីន អតីតយុទ្ធជន ជនពិការ និវត្តន៌ជន ជនចាស់ជរាគ្មានទីពឹង និងការផ្តល់សាច់ប្រាក់ផ្ទាល់ជូនដល់ស្រ្តីសម្រាលកូន ជាដើម ដែលជាការចូលរួមចំណែកផងដែរលើការគិតគូរពីសុវត្ថិភាព និងសុខភាពអ្នកជំងឺរបស់រាជរដ្ឋាភិបាលកម្ពុជា
២. បទពិសោធន៌ដែលកម្ពុជាបានអនុវត្តគោលនយោបាយសុវត្ថិភាពអ្នកជំងឺ និងការកែលម្អគុណភាពសេវាសុខាភិបាល ដោយបានដាក់បញ្ចូលរួចហើយនូវបញ្ហាសុវត្ថិភាពអ្នកជំងឺ និងអ្នកផ្តល់សេវា ទៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា
៣. តួនាទីរបស់គ្រូពេទ្យនិងការបង្កើននូវសុវត្ថិភាពអ្នកជំងឺនៅក្នុងបរិបទដែលក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាសាកលលោក កំពុងអនុវត្តន៌ការផ្តល់សេវាសុខភាពជាសាកល។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានផ្តល់ជាអនុសាសន៌ជូនអង្គសន្និសីទលើចំណុចសំខាន់ៗ ដូចខាងក្រោមនេះ ៖
១. ត្រូវរៀបចំឲ្យមានជាផ្នែក “សុវត្ថិភាពអ្នកជំងឺនិងអ្នកផ្តល់សេវា” នៅក្នុងប្រព័ន្ធសុខាភិបាល ដូចជាការបង្កើតឲ្យមានគណ:កម្មការសុវត្ថិភាពនិងគុណភាពអ្នកជំងឺនិងអ្នកផ្តល់សេវា ជាដើម
២. បង្កើតនូវវប្បធ៌មរាយការណ៌ដោយតម្លាភាពសម្រាប់អ្នកជំងឺនិងអ្នកផ្តល់សេវា
៣. បង្កើតនូវប្រព័ន្ធទទួលស្គាល់គុណភាពសម្រាប់មូលដ្ឋានសុខាភិបាល ដើម្បីធានាគុណភាពនិងសុវត្ថិភាពសេវាខ្ពស់ដែលត្រូវផ្តល់ជូនអ្នកជំងឺ
៤. រៀបចំឲ្យមានឫធ្វើបច្ចុប្បន្នភាព ច្បាប់និងបទដ្ឋានគតិយុទ្ធ គោលការណ៌ណែនាំ និងឧបករណ៌ឫសម្ភារ:វាយតម្លៃ ដែលពាក់ព័ន្ធនឹងសុវត្ថិភាពអ្នកជំងឺក្នុងគ្រប់ទម្រង់នៃប្រព័ន្ធសុខាភិបាល
៥. ត្រូវអភិវឌ្ឍន៌ផែនការសកម្មភាពសម្រាប់គុណភាពនិងសុវត្ថិភាព ព្រមទាំងតាមដានការអនុវត្តជាប្រចាំនៅតាមថ្នាក់និមួយៗនៃប្រព័ន្ធសុខាភិបាល
៦. បញ្ជ្រាបចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលទាំងមុននិងក្រោយធ្វើការនូវប្រធានបទសុវត្ថិភាពអ្នកជំងឺនិងអ្នកផ្តល់សេវា
៧. រៀបចំឲ្យមានកិច្ចប្រជុំជាប្រចាំឆ្នាំលើ “សុវត្ថិភាពអ្នកជំងឺនិងអ្នកផ្តល់សេវា” ដើម្បីចែករំលែកបទពិសោធន៌ វឌ្ឍនភាពនិងបញ្ហាប្រឈមពីបណ្តាប្រទេសលើសាកលលោក ព្រមទាំងផ្តល់អនុសាសន៌សម្រាប់ការអនុវត្តបន្ត
៨. ចាត់តាំងឲ្យមានជាជនបង្គោលសម្រាប់ប្រទេសនិមួយៗ សម្រាប់ទំនាក់ទំនងផ្សារភ្ជាប់ជាមួយបណ្តាញសាកលលោកលើសុវត្ថិភាពអ្នកជំងឺនិងអ្នកផ្តល់សេវា
៩. ធ្វើឲ្យបានល្អប្រសើរឡើងនូវប្រព័ន្ធព័ត៌មានដើម្បីធានាថាការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងដោយមានទិន្នន័យត្រឹមត្រូវយកជាការបាន។
គួរកត់សម្គាល់ថា មានការជួបប្រជុំដោយឡែកជាលក្ខណ:ទ្វេភាគី រវាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ជាមួយសមភាគីជប៉ុន ឯកឧត្តម កាត់ស៊ូណូប៊ូ កាតូ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន ( H.E. Mr. Katsunobu Kato, Minister of Health, Labour and Welfare, Japan) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលទទួលបានលទ្ធផលល្អ ដោយភាគីជប៉ុននឹងបន្តជួយដល់វិស័យសុខាភិបាលកម្ពុជាជាបន្តទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានឆ្លៀតពេលដ៏មមាញឹកជួបជាលក្ខណ:ផ្ទាល់ៗ ជាមួយបណ្តាប្រទេសមួយចំនួនទៀត ដើម្បីពង្រឹងចំណងទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងនោះផងដែរ។
អង្គសន្និសីទបានបញ្ចប់ទៅដោយជោគជ័យ នៅថ្ងៃ១៤ រោច ខែចេត្រ ឆ្នាំចរ សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ដោយបានចេញសេចក្តីប្រកាសទីក្រុងតូក្យូស្តីពីសុវត្ថិភាពអ្នកជំងឺ ដែលមានខ្លឹមសារជាសង្ខេបដូចខាងក្រោមនេះ៖
– បញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាដើម្បីអនុវត្តន៌ “សកម្មភាពរួមជាសាកលលើសុវត្ថិភាពអ្នកជំងឺ“ នៃបណ្តាប្រទេសលើសាកលលោក ដោយយកចិត្តទុកដាក់ដាក់បញ្ចូលជាអាទិភាពក្នុងគោលនយោបាយនិងសកម្មភាពសម្រាប់វិស័យសុខាភិបាលនូវសុវត្ថិភាពអ្នកជំងឺក្នុងពេលខិតខំអនុវត្តន៌ការផ្តល់សេវាសុខភាពជាសាកល
– បន្តគាំទ្រអនុវត្តន៌នូវការផ្លាស់ប្តូរក្នុងប្រព័ន្ធនិងការប្រតិបត្តិធ្វើឲ្យបានល្អប្រសើរឡើងនូវសុវត្ថិភាពអ្នកជំងឺ ចូលរួមចំណែកក្នុងការសម្រេចបាននូវសុខភាពសាកលនិងគោលដៅអភិវឌ្ឍន៌ប្រកបដោយចេរភាព
– ពង្រឹងសមត្ថភាពក្នុងការដឹកនាំនិងគ្រប់គ្រងក្នុងការគាំទ្រមជ្ឍមណ្ឌលថែទាំអ្នកជំងឺ ពង្រឹងនិងអនុវត្តដំណើរការប្រព័ន្ធសុវត្ថិភាពអ្នកជំងឺ បង្កើតវប្បធ៌មសុវត្ថិភាព អប់រំបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលនិងក្រុមគ្រួសារអ្នកជំងឺ លើផ្នែកសុវត្ថិភាពអ្នកជំងឺ កាត់បន្ថយហានិភ័យ និងចែករំលែកបទពិសោធន៌ល្អៗ ព្រមទាំងគំរូធ្វើបានជោគជ័យលើកិច្ចការនេះ
– សហការជាមួយអ្នកជំងឺនិងក្រុមគ្រួសារដែលមានផលប៉ះពាល់ អង្គការអន្តរជាតិនិងដៃគូនានា បង្កើននូវភាពច្បាស់លាស់ ធ្វើសកម្មភាពរួមគ្នាលើសុវត្ថិភាពអ្នកជំងឺថែមទាំងបង្កើតឲ្យមាន “ ទិវាសាកលលោកសុវត្ថិភាពអ្នកជំងឺប្រចាំឆ្នាំ” ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ។
នៅថ្ងៃអាទិត្យ ១៥រោច ខែចេត្រ ឆ្នាំចរ សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ គណ:ប្រតិភូក្រសួងសុខាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងធ្វើដំណើរមាតុភូមិនិវត្តន៌ ហើយនឹងនាំមកនូវផលប្រយោជន៌ជាច្រើនលើកិច្ចសហប្រត្តិបត្តិការសម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ព័ត៌មានទទួលបានពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
សន្និបាតសុខាភិបាលខេត្តកំពង់ស្ពឺបានបិទបញ្ចប់ដោយមានការលើកសរសើរដល់អង្គភាពដែលមានស្នាដៃល្អ
ថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ឋផលកាងារសុខាភិបាលឆ្នាំ២០១៧ និងលើកទិដៅបន្តឆ្នាំ២០១៨ក្រោមអធិបតីភាពលោកជំទាវសាស្ត្រាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីតំណាងគណអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីនិងបុគ្គលិកមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ សរុបប្រមាណជាង១០០នាក់ ហើយនៅក្នុងពិធីនេះដែរ លោកជំទាវបានផ្តល់កិត្តយសចែកជូនប័ណ្ណសរសើរចំនួន២៤ លិខិតសរសើរចំនួន៥៧ និងរង្វាន់លើកទឹកចិត្តជាកុំព្យូទ័រនិងព្រីនធ័រចំនួន៥ឈុតជូនល់អង្គភាពចំនួន៥ដែលមានស្នាដៃល្អ ។
ព័ត៌មានទទួលបានពីមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។
ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារពិនិត្យព្យាបាលជំងឺនិងសម្ភពរោគស្ត្រីនៅមន្ទីរពេទ្យបង្អែកពោធិចិនតុង រាជធានីភ្នំពេញ
នាថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគារពិនិត្យព្យាបាលជំងឺនិងសម្ភពរោគស្ត្រី ដែលទើបនឹងបញ្ចប់ការសាងសង់ថ្មីនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកឧកញ៉ា សៀ ឬទ្ធី និងសហការី ព្រមទាំងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកពោធិចិនតុង សរុបទាំងអស់ប្រហែលជា២១៥នាក់។
នៅក្នុងពិធីដ៏វិសេសសាលនេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា អាគារពិនិត្យព្យាបាលជំងឺដែលទើបតែបានសាងសង់ថ្មីនេះបានចាប់ផ្តើមសាងសង់ឡើង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ និងបានបញ្ចប់រួចរាល់ជាស្ថាពរ នៅថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ ក្រោមការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លារបស់លោក ឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ តាន់ តឹកគី ដែលអាគារនេះមានទំហំទទឺងដ១០ម៉ែត្រ បណ្តោយ២០ម៉ែត្រ និងមានកំពស់៣ជាន់។ នេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញក្នុងវិស័យសុខាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ តាន់ តឹកគី ដែលបានផ្តល់អំណោយសប្បុរសដ៏ថៃ្លថ្លានេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឈន៍វិស័យសុខាភិបាលស្របតាមតំរូវការរបស់ប្រជាជនកម្ពុជា ជាពិសេសប្រជាជននៅរាជធានីភ្នំពេញនេះតែម្តង ព្រមទាំងបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងជួយសំរួលគ្រប់បែបយ៉ាង ដើម្បីសំរេចបាននូវសមិទ្ធិផលនេះប្រកបដោយជោគជ័យ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំផ្តាំផ្ញើចូលរួមកោតសរសើរដល់មន្រ្តីនិងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញភារកិច្ចទទួលបានលទ្ធផលល្អប្រសើរ គោរពបានយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ហើយឯកឧត្តមបានសំណូមពរឱ្យមន្រ្តីសុខាភិបាលទាំងអស់ខិតខំបំពេញភារកិច្ចឲ្យបានល្អជាបន្តទៀត និងសូមជួយថែទាំអាគារថ្មីឲ្យស្អាតល្អ មានអនាម័យ សោភ័ណ្ឌភាព និងប្រើប្រាស់អោយបានគង់វង់ ស្ថិតស្ថេរយូរអងែ្វង ដើម្បីជាគុណប្រយោជន៏ដល់ប្រជាជនយើង។ គួរឲ្យកត់សម្គាល់ផងដែរថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវនិងស្នើសុំលោកឧកញ៉ា បន្តជួយលើវិស័យសុខាភិបាលជាបន្តទៀត ដោយពិនិត្យលទ្ធភាពក្នុងការសាងសង់អាគារផ្សេងៗទៀតផងដែរ។
ព័ត៌មានទទួលបានពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។
ពិធីបិទសន្និបាតសុខាភិបាលខេត្តស្វាយរៀង
នៅរសៀលថ្ងៃពុធ ០៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោក
ប្រធានមន្ទីរសុខាភិបាលភិបាលខេត្តសមាជិកខេត្តត្បូងឃ្មុំ អនុប្រធានមន្ទីរសុខាភិបាលខេត្តតៃនីញ ប្រទេសវៀតណាម ប្រធាន អនុប្រធានមន្ទីរ ស្ថាប័ននានាក្នុងខេត្ត ព្រះរាជអាជ្ញារង អភិបាលរងក្រុងស្រុក ចៅសង្កាត់ទាំង៧ក្នុងក្រុងស្វាយរៀង អង្គការដៃគូ និងថ្នាក់ដឹកនាំ មន្ត្រីរាជការសុខាភិបាលគ្រប់ជាន់ថ្នាក់ សរុប ១៧០ នាក់ ។
មន្ទីរសុខាភិបាលខេត្តស្វាយរៀងបានធ្វើរបាយការណ៍បូកសរុបដំណើរការសន្និបាតរយ:ពេលមួយថ្ងៃពេញ ដែលមាន កម្មវិធីគាំពារមាតា ទារក និងកុមារ កម្មវិធីជំងឺឆ្លង កម្មវិធីជំងឺមិនឆ្លង កម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល ។
ឯកឧត្តម ធា គ្រុយ សម្តែងនូវការកោតសរសើរដល់មន្ទីរសុខាភិបាលខេត្តស្វាយរៀង ដែលបានអនុវត្តការងារយ៉ាងល្អ ជាពិសេស មរណ:ភាពមាតា មានតែម្នាក់គត់ក្នុងមួយឆ្នាំ២០១៧ នេះ ។ ឯកឧត្តម បានផ្តាំផ្ញើដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈ ខិតខំកែលម្អគុណភាពសេវា ប្រចាំការ ២៤ម៉ោង មិនត្រូវធ្វេសប្រហែសធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺ។ ខិតខំលុបបំបាត់ឱ្យអស់នូវសេវាសុខាភិបាលខុសច្បាប់ និង ពង្រឹងគណៈវិជ្ជាជីវៈ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានប្រគល់រង្វាន់ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលមានស្នាដៃ ព្រមទាំងជូនអំណោយដល់ថ្នាក់ដឹកនាំដែលជានិវត្តជនចំនួន ១០ នាក់ផងដែរ ។
ចុងបញ្ចប់នៃសន្និបាត មន្ទីរសុខាភិបាលបានប្រារព្ធពិធីជប់លៀងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមកដល់នាពេលខាងមុខឆាប់ៗនេះ ៕
ព័ត៌មានទទួលបានពីមន្ទីរសុខាភិបាលខេត្តស្វាយរៀង។
(ខ្មែរ) ពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលខេត្តក្រចេះឆ្នាំ២០១៧
កាលពីថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៨ មន្ទីរសុខាភិបាលខេត្តក្រចេះ បានប្រារពពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលខេត្តឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម តែ គុយស៊ាង រដ្ធលេខាធិការក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាសង្កាត់ តំណាងដៃគូអភិវឌ្ឍ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងខេត្តក្រចេះ សរុបចំនួន២៣២នាក់ ។
ក្នុងឱកាសនោះ គណ:អធិបតីក៏បានផ្តល់ប័ណ្ឌសរសើរជូនដល់មន្ត្រីសុខាភិបាលដែលបានខិតខំបំពេញការងារក្នុងឆ្នាំកន្លងមក ចំនួន ១៥០នាក់ផងដែរ។
ព័ត៌មានទទួលបានពីមន្ទីរសុខាភិបាលខេត្តក្រចេះ។