ការចុះពិនិត្យមើលស្ថានការណ៍ និងពង្រឹងការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាព ក្នុងខេត្តបាត់ដំបង
August 16, 2024
ខេត្តបាត់ដំបង៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យមើលស្ថានការណ៍ និងពង្រឹងការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពមួយចំនួននៅខេត្តបាត់ដំបង។
ការចុះបេសកកម្មនេះ មានគោលបំណងសំខាន់ ដើម្បីជួយជំរុញការធ្វើអោយប្រសើរឡើងការផ្តល់សេវាសុខាភិបាល គ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព នៅនឹងមណ្ឌលសុខភាព និងនៅសហគមន៍ ស្របតាម " សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព "(MPA Guidelines)។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចុះនៅមណ្ឌលសុខភាពចំនួន១០ : មណ្ឌលសុខភាពជ្រោយស្តៅ ,មណ្ឌលសុខភាពបឹងព្រីង, មណ្ឌលសុខភាពរូងជ្រៃ,មណ្ឌលសុខភាពខ្នាចរមាស, មណ្ឌលសុខភាពវេល២ ,មណ្ឌលសុខភាពឆករកា,មណ្ឌលសុខភាពកំពង់ល្ពៅ,មណ្ឌលសុខភាពតាសាញ ,មណ្ឌលសុខភាពចំលងគួយ និងមណ្ឌលសុខភាពមានជ័យ។
ឆ្លៀតឱកាសដ៏មានតំលៃនេះ ឯកឧត្តមឧត្តមសាស្រ្តាចារ្យអនុរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនចំពោះមន្ត្រី បុគ្គលិកទាំងអស់ ពិសេសមន្ត្រី និងបុគ្គលិករបស់មណ្ឌលសុខភាព។
គួរកត់សំគាល់ថា បន្ទាប់ពីបញ្ចប់ការពិនិត្យមើលការងារ និងកិច្ចសន្ទនាជាមួយមន្ត្រីតំណាងមណ្ឌលសុខភាពនីមួយៗ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តល់ព័ត៌មានត្រឡប់ និងណែនាំជាក់ស្តែងនៅនឹងកន្លែងជូនដល់មណ្ឌលសុខភាពទាំង១០ ជាអាទិ៍ ការបង្កើនការប្រើប្រាស់ និងគុណភាពសេវាមណ្ឌលសុខភាពនៃជំងឺទូទៅ សេវាសុខភាពមាតា និងទារក ព្រមទាំងសេវាពិសេសមួយចំនួន រាប់ទាំងសេវាជំងឺមិនឆ្លង និង ជំងឺឆ្លង ការរក្សាអនាម័យល្អ ព្រមទាំងការធានាអោយមានសេវា ២៤ ម៉ោង លើ ២៤ម៉ោងផងដែរ។