សិក្ខាសាលាកំណត់អភិវឌ្ឍន៍ និងសុពលភាព នៃការវាយតម្លៃសមត្ថភាពក្រុមការងារបញ្ជ្រាបយេនឌ័រ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤
ខេត្តកំពង់ចាម៖ ថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាកំណត់អភិវឌ្ឍន៍ និងសុពលភាព នៃការវាយតម្លៃសមត្ថភាពក្រុមការងារបញ្ជ្រាបយេនឌ័រ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅភូមិគ្រឹះនាងគង្ហីង ខេត្តកំពង់ចាម ដែលមានសភាពចូលរួមមកពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូជាតិ និងតំណាងដៃគូអន្តរជាតិសរុបចំនួន៥០នាក់ ដែលគំាទ្រថវិកាដោយគម្រោង លើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២។
សិក្ខាសាលានេះមានគោលបំណង គឺ ៖
• ធ្វេីបទបង្ហាញពីលទ្ធផលស្រាវជ្រាវបឋម នៃការវាយតម្លៃសមត្ថភាពក្រុមការងារបញ្ជ្រាបយេនឌ័រ លើសមភាពយេនឌ័រ និងបរិយាបន្នសង្គម របស់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២
• ពិភាក្សា និងប្រមូលធាតុចូលលើលទ្ធផលស្រាវជ្រាវបឋម នៃការវាយតម្លៃសមត្ថភាពក្រុមការងារបញ្ជ្រាបយេនឌ័រ។
ក្រសួងសុខាភិបាលបានធ្វើការយ៉ាងសកម្មលើការបញ្ជ្រាបយេនឌ័រក្នុងន័យជាមធ្យោបាយសកលដ៏សំខាន់សម្រាប់ការឈានទៅដល់គោលដៅចុងក្រោយសមភាពយេនឌ័រដែលមានតាំងពីសន្និសីទពិភពលោកស្តីពីស្ត្រីលើកទីបួន នៅទីក្រុង ប៉េកាំងឆ្នាំ១៩៩៥។ ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីសន្និសីទនេះ និយមន័យដ៏មានឥទ្ធិពលនៃទស្សនទាន នៃការបញ្ជ្រាបយេនឌ័រ ត្រូវបានអនុម័តនៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម Economic and Social Council (ECOSOC) នៃអង្គការសហប្រជាជាតិឆ្នាំ១៩៩៧។
កម្ពុជាបានប្តេជ្ញាចិត្តក្នុងការសម្រេចបានសមភាពយេនឌ័រ និងដាក់ចេញនូវគោលនយោបាយជាអាទិភាពក្នុងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងផែនការយុទ្ធសាស្ត្រ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍន៍ធនធានមនុស្ស លទ្ធភាពទទួលបានការថែទាំសុខភាព និងអាហារូបត្ថម្ភ និងការគាំពារសង្គម សម្រាប់ការអភិវឌ្ឍន៍ប្រទេស។ លើសពីនេះ កម្ពុជាមានគោលបំណងសម្រេបានសមភាពយេនឌ័រ និងការរលើកកម្ពស់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីទាំងអស់នៅឆ្នាំ២០៣០ ក្រោមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពទី៥។ សម្រាប់វិស័យសុខាភិបាល ក្រសួងសុខាភិបាលបានបង្កើតក្រុមការងារបញ្ជ្រាបយេនឌ័រតំាងពីឆ្នំា២០0៦មកម្លេះ ទើបថ្មីៗនេះបានកែសម្រួលក្រុមការងារបញ្ជ្រាបយេនឌ័រ ដែលដឹកនាំដោយរដ្ឋលេខាធិការជាស្រ្តី១រូប សមាជិកប្រមាណសែសិបរូប និងមានលេខាធិការសម្រាប់គាំទ្រ និងដំណើរការក្រុមការងារនេះ។ យោងតាមលទ្ធផលបឋម នៃការវាយតម្លៃសមត្ថភាពក្រុមការងារបញ្រ្ជាបយេនឌ័រថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានបង្ហាញឱ្យឃើញថា ការយល់ដឹង ពីគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យសុខាភិបាលនៅមានកម្រិត ដូច្នេះយើងត្រូវពង្រឹងសមត្ថភាពក្រុមការងារ GMAG ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាព គឺអ្វីៗចាប់ផ្ដើមពីខ្លួនយើង។