រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុបានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីរៀបចំយុទ្ធសាស្រ្តធ្វើឱ្យមាននិរន្តភាពនៃដំណើរការម៉ាស៊ីនផលិតអុកស៊ីសែនវេជ្ជសាស្រ្តសម្រាប់ផ្គត់ផ្គង់តម្រូវការតាមមន្ទីរពេទ្យខេត្ត ស្រុក និងមណ្ឌលសុខភាព។
កិច្ចប្រជុំមានគោលបំណង ដើម្បីរៀបចំយុទ្ធសាស្រ្តធ្វើឱ្យមាននិរន្តភាពនៃដំណើរការម៉ាស៊ីនផលិតអុកស៊ីសែនវេជ្ជសាស្រ្តសម្រាប់ផ្គត់ផ្គង់តម្រូវការតាមមន្ទីរពេទ្យខេត្ត ស្រុក និងមណ្ឌលសុខភាពដោយអនុវត្តតាមគំរូ Hub and Spoke [កន្លែងផលិតអុកស៊ីសែន និងចែកចាយ ហៅថា(Hub) និងជាមូលដ្ឋានសុខាភិបាល ទទួល អុកស៊ីសែនវេជ្ជសាស្ត្រហៅថា (Spoke)]។
តាមរយៈបទបង្ហាញរបស់នាយកដ្ឋានមន្ទីរពេទ្យ និងមន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានលើកឡើងពីសារៈសំខាន់ Hub and Spokes ដែលបានផ្គត់ផ្គង់អុកស៊ីសែនមានគុណភាពខ្ពស់ដល់មន្ទីរពេទ្យ និងចំណេញជាងទីផ្សារឯកជន ប៉ុន្តែម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំត្រូវការចំណាយ៖ (១) ថ្លៃអគ្គីសនី (២)គ្រឿងបន្លាស់ (៣) ប្រេងម៉ាស៊ីន និង(៤) ធនធានមនុស្ស ដូច្នេះមន្ទីរសុខាភិបាលគួររិះរកយុទ្ធសាស្រ្តនវានុវត្តស្របតាមលក្ខណៈបច្ចេកទេសដើម្បីឱ្យមាននិរន្តរភាពនៃការប្រើប្រាស់ម៉ាស៊ីនក្នុងអាយុកាលពី ១០ឆ្នាំ ទៅ១៥ឆ្នាំ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ឱ្យមានសហវិមជ្ឈកាលទៅថ្នាក់ខេត្ត និងធ្វើយ៉ាងណាឱ្យសង្វាក់ម៉ាស៊ីនផលិតអុកស៊ីសែននៅតែដំណើរការ។ ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បន្តទៀតថា សូមមន្ទីរសុខាភិបាលគិតគូរថែទាំម៉ាស៊ីនផលិតអុកស៊ីសែន និងឧបករណ៍វេជ្ជសាស្រ្តផ្សេងៗទៀតក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ ឱ្យមន្ទីរសុខាភិបាលនានារិះរកមធ្យោបាយដំណើរការផលិតអុកស៊ីសែនឱ្យមានគុណភាព និងការផ្គត់ផ្គង់ឱ្យមានប្រសិទ្ធភាពទៅដល់មូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តឱ្យមាននិរន្តភាពដោយយកតាមគំរូសាកល្បង Hub and Spokes តាមមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដែលបានអនុវត្តការងារនេះបានជោគជ័យកន្លងមក។
ជាចុងបញ្ចប់នៃកិច្ចពិភាក្សាឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ សង្ឃឹមថានឹងមានដំណោះស្រាយធ្វើឱ្យម៉ាស៊ីនផលិតអុកស៊ីសែននៅខេត្តផ្សេងៗអនុវត្តគំរូ Hub and Spokes ជោគជ័យក្នុងពេលអនាគតឆាប់ៗនេះ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តព្រះវិហារ ខេត្តព្រះសីហនុ ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តបាត់ដំបង និងលោកសាស្ត្រាចារ្យជំនួយ កុយ វីរីយ៉ា អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងតំណាងអង្គការ CHAI, USAID-EQHA II។