Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំគណៈកម្មការជាតិគ្រប់គ្រងការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ
ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ២រោច ខែបុស្ស  ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាគណៈកម្មការជាតិ IPC លើកទី១ ត្រីមាសទី១ ក្នុងឆ្នាំ២០២៥។   

កិច្ចប្រជុំនេះមានគោលបំណងដូចជា៖ (១) បង្ហាញសមិទ្ធផលដែលបានអនុវត្តក្នុងឆ្នាំ២០២៤របស់គណៈកម្មការ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងការពិភាក្សាពីបញ្ហាដែលជួបប្រទះ (២) ពិភាក្សាពីបញ្ហាប្រឈមដែលជួបប្រទះ និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥។   

តាមរយៈបទបង្ហាញរបស់ ឯកឧត្តមសាស្រ្តាចារ្យ យី ស៊ីយ៉ាន ទីប្រឹក្សាក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យជំនួយ កុយ វីរីយ៉ា អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត Shogo Kubota និងលោកស្រីវេជ្ជបណ្ឌិត Zhao Li បានបង្ហាញអំពីសកម្មភាពដែលបានសម្រេចក្នុងឆ្នាំ២០២៤ ដូចជា (១) ការបញ្ជូនមន្រ្តីសុខាភិបាលចំនួន១៥ទៅសិក្សានៅប្រទេសកូរ៉េ (២) ធ្វើបច្ចុប្បន្នភាពគោលកាណ៍ជាតិស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ (៣) អនុវត្តការតាមដានការចម្លងរោគតាមរយៈថែទាំសុខភាព (HAI) ការបង្ការការចម្លងរោគលើមុខរបួសវះកាត់ ក្របខ័ណ្ឌវាយតម្លៃ និងផែនការសកម្មភាព IPC សកល និងការស្រាវជ្រាវពីការបង្ការ ការចម្លងរោគតាមរយៈការថែទាំសុខភាពនៅប្រទេសឡាវ និងកម្ពុជា។   

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍បន្ថែមដូចតទៅ៖ (១) ពិនិត្យមើលការលាងដៃ និងសម្អាតបរិដ្ឋាន គឺត្រូវធ្វើឱ្យម៉ត់ចត់  និងត្រូវបណ្តុះបណ្តាលជាបន្តជាពិសេសមន្ត្រីចូលបម្រើការងារថ្មី និងនិស្សិតចុះកម្មសិក្សា (២) ត្រូវមានកិច្ចប្រជុំជាទៀងទាត់ និងរៀបចំឱ្យមានបទបង្ហាញពីសកម្មភាពរបស់មន្ទីរពេទ្យផ្សេងៗ (៣) ចុះវាយតម្លៃជាប្រចាំពីការងារ IPC និងត្រូវមានទិន្នន័យច្បាស់លាស់ពីការចុះវាយតម្លៃ (៤) គួរបង្កើត Research Clinical ក្នុងមន្ទីរពេទ្យរបស់ខ្លួនដើម្បីផ្សារភ្ជាប់និងការកែលម្អ (៥)ការតាមដានវាយតម្លៃត្រូវបង្កើតយន្តការវាយតម្លៃគួរជំរុញឱ្យមានចំនួនការអនុវត្តឱ្យបានត្រឹមត្រូវ និងពន្យល់ពីសារៈសំខាន់ នៃការវាយតម្លៃទៅមន្ត្រីដែលកំពុងអនុវត្តឱ្យទទួលស្គាល់ពីការវាយតម្លៃ និងធ្វើការកែប្រែឥរិយាបទក្នុងការអនុវត្តដោយស្មារតីផ្តល់សេវាត្រូវផ្សារភ្ជាប់ជាមួយក្រមសីលធម៌ និងត្រូវអនុវត្តតាមច្បាប់វិជ្ជាជីវៈសូមជំរុញមន្រ្តីរបស់យើងឱ្យមានមនសិការការងារជៀសវាងការចម្លងរោគ។ 

ជាកិច្ចបញ្ចប់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានចូលរួមកន្លងមក និងបន្តពង្រឹងសមត្ថភាព គុណភាព សីលធម៌វិជ្ជាជីវៈឱ្យកាន់តែប្រសើឡើងដើម្បីពង្រឹងការអនុវត្ត IPC ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសូមឱ្យអង្គការដៃគូទាំងអស់ ជួយគាំទ្រទាំងបច្ចេកទេស និងថវិកា លើការងារ IPC នេះជាបន្តទៀត។ 

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះរៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យ ដែលមានការចូលរួមពីនាយកដ្ឋានការពារសុខភាព នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យកម្ពុជាចិនព្រះកុសុមៈ មន្ទីរពេទ្យតេជោសន្តិភាព មន្ទីរពេទ្យហ្លួងម៉ែ អង្គការសុខភាពពិភពលោក ADB NUS និង WaterAid។

Image 1
Image 2
Image 3
Image 4
Image 5
Image 6