Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើផែនការសកម្មភាពជាតិសម្រាប់សន្តិសុខសុខភាព (NAPHS)
ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដោយទទួលបាននូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើផែនការសកម្មភាពជាតិសម្រាប់សន្តិសុខសុខភាព (NAPHS) ដែលរៀបចំដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយអង្គការសុខភាពពិភពលោក និងឧបត្ថម្ភថវិកាដោយទីភ្នាក់ងារUSAID។   

សិក្ខាសាលានេះមានគោលបំណងការពិគ្រោះយោបល់បញ្ចប់លើផែនការសកម្មភាពជាតិសម្រាប់សន្តិសុខសុខភាព NAPHS រយៈពេល០៥ឆ្នាំ និងផែនការប្រតិបត្តិ រយៈពេល០២ឆ្នាំ ជាមួយនឹងការប៉ាន់ប្រមាណតម្លៃក្នុងការអនុវត្តសកម្មភាពនៃផែនការ រួមជាមួយនឹងការពិភាក្សាឯកភាពលើផែនការត្រួតពិនិត្យតាមដាន និងវាយតម្លៃសម្រាប់អនុវត្តNAPHS ។   

នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍គន្លឹះ៥ចំណុចជូនសមាជិកសិក្ខាសាលាដើម្បីជាទុនសម្រាប់ការពិចារណារួមមាន៖ ទី១. ផែនការត្រូវបញ្ជាក់គោលដៅ លទ្ធផលរំពឹងទុក សូចនាករ និងចំណុចដៅ សម្រាប់ការវាស់វែង វឌ្ឍនភាព និងការវាយតម្លៃលទ្ធផល នៃការអនុវត្តផែនការ ទី២. ផែនការត្រូវប៉ាន់ប្រមាណធនធានសមស្រប សម្រាប់ការអនុវត្តសកម្មភាពរួមគ្នា ប្រកបដោយលក្ខណៈសុខដុម  និងធ្វើពិពិធកម្មប្រភពមូលនិធិ និងចែករំលែកធនធានហេដ្ឋារចនាសម្ព័ន្ធសារវ័ន្តរវាងស្ថាប័ន អង្គភាព ឬភាគីពាក់ព័ន្ធ ដើម្បីចីរកាលសមត្ថភាពនិងប្រតិបត្តការប្រព័ន្ធសន្តិសុខសុខភាពនៅក្នុងរយៈពេលវែង។ ទី៣. ផែនការប្រតិបត្តិគួរធ្វើរយៈពេល៣ឆ្នាំ ដើម្បីឱ្យស្របតាមក្របខ័ណ្ឌថវិកានីយកម្មរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ទី៤. ផែនការត្រូវគិតគូរពីភាពរឹងមាំ និងភាពធន់នៃប្រព័ន្ធសុខាភិបាលថ្នាក់ក្រោមជាតិ ឬថ្នាក់មូលដ្ឋាន ដែលជាកំផែងរឹងមាំក្នុងការបង្ការនិងគ្រប់គ្រងគ្រោះអាសន្នសុខភាព។ ទី៥. ផែនការសកម្មភាពត្រូវបញ្ជាក់ ស្ថាប័នទទួលខុសត្រូវលើការអនុវត្ត ការតាមដាន និងការវាយតម្លៃ។   

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា សរុបចំនួន ៨១នាក់ (ស្រ្តី១០នាក់ ស្មើ ១២%)ដែលអញ្ជើញមកពីក្រសួងពាក់ព័ន្ធចំណុះរាជរដ្ឋាភិបាល ចំនួន១៨ និងអង្គការដៃគូអភិវឌ្ឍន៍ចំនួន៧រួមមាន៖ WHO US-CDC USAID FAO UNICEF WCS IPC ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9