សិក្ខាសាលា ស្តីពីព្រះពុទ្ធសាសនា និងសុខភាពផ្លូវចិត្ត
ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤
ខេត្តបាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជើញជាអធិបតីភាព បើកអង្គសិក្ខាសាលា ស្តីពីព្រះពុទ្ធសាសនា និងសុខភាពផ្លូវចិត្ត ដោយមានការអញ្ជើញចូលរួមពី ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ប្រធានអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ឯកឧត្តមឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន និងលោក កុយ សុមន្ថា ប្រធានអង្គការ MOMENTUM-USAID ព្រមទាំងសមាជិក សមាជិកា នៃអង្គពិធី ចូលរួមសរុបចំនួន ៥៨រូប ដែលបានរៀបចំដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន សហដោយមានកិច្ចសហការជាមួយអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជាដោយមានការគាំទ្រពីអង្គការ MOMENTUM USAID ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ក្នុងការបញ្ជ្រាបការយល់ដឹង និងការថែទាំសុខភាពផ្លូវចិត្តទៅក្នុងការប្រតិបត្តិតាមបែបព្រះពុទ្ធសាសនាដែលក្នុងនោះប្រជាជនកម្ពុជាច្រើនជាង ៩៥% ជាអ្នកកាន់ព្រះពុទ្ធសាសនា។ ទីវត្តអារាម មិនត្រឹមតែជាទីកន្លែងអប់រំបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងផ្តល់ការថែទាំសុខភាពផងដែរ ជាពិសេសសុខភាពផ្លូវចិត្ត ហើយស្ទើរតែរៀងរាល់ថ្ងៃ ព្រះសង្ឃតែងតែបានជួបប្រាស្រ័យជាមួយប្រជាជន ហើយប្រជាជនដែលមានទុក្ខសោកតែងតែទៅជួបព្រះសង្ឃ។ បន្ថែមពីនេះ ព្រះពុទ្ធសាស្រ្ត បានជួយព្យាបាលប្រជាជនដែលមានបញ្ហាសុខភាពផ្លូវចិត្តយ៉ាងស្ងៀមស្ងាត់។ ព្រះពុទ្ធសាសនាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសុខភាពផ្លូវចិត្ត រាល់ការទេសនា រាល់ការធ្វើសមាធិសុទ្ធតែសំដៅ ឱ្យមានភាពរឹងប៉ឹងដល់សុខភាពផ្លូវចិត្ត។
ព្រះតេជគុណព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ បានលើកអំពីពុទ្ធដីកា ចំនួន ២ ដែលពាក់ព័ន្ធនឹងសុខភាព គឺ ធម្មោឱសថោ (ធម៌ជាឱសថ) និង ពុទ្ធោមហាវិជ្ជោ (ព្រះពុទ្ធជាគ្រូពេទ្យដ៏អស្ចារ្យ) ព្រមទាំងមានការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងវិស័យព្រះពុទ្ធសាសនា។
ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល បានផ្តល់អនុសាសន៍ឱ្យអង្គសិក្ខាសាលារយៈពេល ២ថ្ងៃនេះ ខិតខំរិះរកនូវចំនុចរួមរវាងព្រះពុទ្ធសាសនា និងសុខភាពផ្លូវចិត្ត ដែលអាចបង្កើតបាននូវកិច្ចសហការគ្នាក្នុងការថែទាំសុខភាពផ្លូវចិត្តជូនប្រជាជនក្នុងសហគមន៍ ព្រមទាំងមានការស្រាវជ្រាវបន្ថែមទៀតពីតួនាទីរបស់ព្រះសង្ឃក្នុងការថែទាំសុខភាពផ្លូវចិត្ត។ ឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល សង្ឃឹមយ៉ាងមុតមាំថាអង្គការដៃគូទាំងអស់បន្តចូលរួមគាំទ្រដល់កម្មវិធីសុខភាពផ្លូវចិត្ត ដើម្បីចូលរួមដល់ការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជាឱ្យកាន់តែរឹងមាំជានិរន្តន៍។