Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ដំណើរទស្សនកិច្ចចុះពិនិត្យសេវាសាធារណៈ របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ នៅមណ្ឌលសុខភាពត្រាំខ្នារ ខេត្តតាកែវ
ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៤

ខេត្តតាកែវ៖ នារសៀលថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានធ្វើដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពត្រាំខ្នារ ខេត្តតាកែវ។ 

ក្នុងដំណើរទស្សនកិច្ច ប្រតិភូអមដំណើរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី រួមមាន ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិកាទទួលបន្ទុកគុណភាពសេវាថែទាំព្យាបាល ពង្រឹងគុណភាពសេវាមណ្ឌលសុខភាព ទំនាក់ទំនងសាធារណៈ និងអន្តរជាតិ អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ មន្ត្រីជំនាញគ្រប់ឯកទេសពាក់ព័ន្ធ សង្គ្រោះបន្ទាន់ វះកាត់ សម្ភពរោគស្ត្រី ទារក កុមារ ជំងឺទូទៅ និងសុខភាពផ្លូវចិត្ត រួមទាំងប្រធាន-អនុប្រធានមន្ទីរសុខាភិបាល ស្រុកប្រតិបត្តិខេត្តតាកែវ រួមទាំងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងជំរុញដល់មន្រ្តីមណ្ឌលសុខភាពទាំងអស់ សូមបង្កើនសមត្ថភាពថែទាំព្យាបាល និងត្រូវយកចិត្តទុកដាក់បន្ថែមទៀតដូចជា ការថែរក្សាទុកដាក់ឱសថ កត់ត្រារក្សាទុកឯកសារអ្នកជំងឺឱ្យបានត្រឹមត្រូវ រៀបចំទូដាក់វ៉ាក់សាំង រក្សាអនាម័យឱ្យបានស្អាត និងថែរក្សាសម្ភារៈប្រើប្រាស់ឱ្យបានគង់វង្ស ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍។ ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់លើការបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ សមត្ថភាពចុះត្រួតពិនិត្យការអនុវត្តគោលការណ៍សុវត្ថិភាព គុណភាព ប្រសិទ្ធិភាព និងសមត្ថភាពឆ្លើយតបបានទាន់ពេលនៃសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានសំដែងអរគុណ ចំពោះមន្រ្តីសុខាភិបាល ទាំងអស់រួមទាំងអាជ្ញាធរ ដែលនៅតែបន្តខិតខំប្រឹងប្រែង រិះរកគ្រប់មធ្យោបាយ និងធនធាន បំរើផ្តល់ជូនសេវាថែទាំសុខភាព ដល់ប្រជាពលរដ្ឋក្នុងស្មារតីទទួលខុសត្រូវ និង ខិតខំប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

ប្រភេទព្រឹត្តិការណ៍