Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ក្រុមការងារចុះអភិបាលត្រួតពិនិត្យលើវឌ្ឍនភាពការងារអនុវត្តកម្មវិធីសុខភាពមាត់-ធ្មេញ នៅតាមមូលដ្ឋានសុខាភិបាលរាជធានី-ខេត្ត
ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៤

ខេត្តប៉ៃលិន៖ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយ លោកអនុបណ្ឌិត អ៊ុន សាន អនុប្រធាននាយកដ្ឋានការពារសុខភាព និងថ្នាក់ដឹកនាំការិយាល័យសុខភាពមាត់-ធ្មេញ ចុះពិនិត្យវឌ្ឍនភាពការងារលើកកម្ពស់ការសុខភាពមាត់-ធ្មេញ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន។

ក្រោយសកម្មភាពចុះត្រួតពិនិត្យជាក់ស្តែង នៅផ្នែកសុខភាពមាត់-ធ្មេញ របស់មន្ទីរពេទ្យបង្អែកខេត្ត ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមប្រជុំបូកសរុបលទ្ធផល នៅមន្ទីរសុខាភិបាលខេត្ត  ដោយបានផ្តល់អនុសាសន៍គន្លឹះមួយចំនួនប្រកបដោយខ្លឹមសារ ស្របតាមផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ ដល់មន្ត្រីសុខាភិបាលពាក់ព័ន្ធ ថ្នាក់ដឹកនាំមន្ទីរពេទ្យ ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលផ្ទាល់ ឱ្យយកចិត្តទុកដាក់ខ្ពស់ ដល់កិច្ចសហការ ជំរុញគាំទ្រ ពង្រឹងការអនុវត្តកម្មវិធីសុខភាពមាត់-ធ្មេញ រួមមានការផ្តល់សេវាព្យាបាល និងអប់រំផ្សព្វផ្សាយការការពារសុខភាពមាត់-ធ្មេញ តាមមូលដ្ឋានសុខាភិបាល សាលារៀន សហគមន៍ និងពង្រឹងការត្រួតពិនិត្យសេវាថែទាំពិគ្រោះព្យាបាលជំងឺមាត់-ធ្មេញឯកជនឱ្យបានខ្ជាប់ខ្ជួន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ដល់ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីសុខាភិបាលក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយចិត្ត បំពេញការងារកន្លងមក ពិសេសដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តផ្ទាល់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមសហការ ជំរុញគាំទ្រសកម្មភាពលើកកម្ពស់សុខភាពមាត់-ធ្មេញ និងបន្តអនុវត្តសកម្មភាពនេះ បម្រើជូនប្រជាជន ឱ្យកាន់តែប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ផងដែរថា បេសកកម្មខាងលើ មានការចូលរួមពីលោកវេជ្ជបណ្ឌិត យក់ សុវណ្ណ អនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងមន្ត្រីសុខាភិបាលពាក់ព័ន្ធផងដែរ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

ប្រភេទព្រឹត្តិការណ៍