កិច្ចប្រជុំលើកទី៩ ស្ដីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាព
ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី៩ ស្ដីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាព ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពការងារអប់រំសុខភាព ដោយពិនិត្យមើលលើវឌ្ឍនភាព ក៏ដូចជាដំណើរការងារតាមផ្នែកពាក់ព័ន្ធ ដើម្បីកំណត់ផែនការបន្ទាប់។
កិច្ចប្រជុំនេះបានរៀបចំឡើងដោយ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP) និងមានការចូលរួមពីក្រុមការងាររួមមាន មន្ត្រីបង្គោលមកពីនាយកដ្ឋានពាក់ព័ន្ធដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មជ្ឈមណ្ឌលជាតិគាំពាមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ នាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាល មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងតំណាងអង្គការដៃគូក្នុងវិស័យសុខាភិបាល។
បន្ថែមពីនេះ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកស្រីវេជ្ជបណ្ឌិត Khine Pwing Nwe និងលោកបណ្ឌិត Aung Thura ដែលជាស្ថាបនិករបស់សហគ្រាសសង្គម Z-waka Pte Ltd. ដែលមានស្នាក់ការនៅទីក្រុងហូជីមីង ប្រទេសវៀតណាមផងដែរ ដេីម្បីស្វែងរកចំណុចរួមគ្នាក្នុងការធ្វេីកិច្ចសហប្រតិបត្តិការលេីការជំរុញបង្កេីនកែថែទាំសុខភាពបឋម ពង្រឹងការអប់រំ និងលេីកកម្ពស់សុខភាពសហគមន៍ ជាមួយនឹងពិនិត្យលទ្ធភាពនៃការប្រេីប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ផ្សារភ្ជាប់មណ្ឌលសុខភាព ជាមួយអតិថិជននៅតាមតំបន់គ្រប់ដណ្តប់នៃមណ្ឌលសុខភាព។