កិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការជាតិក្រមសីលធម៌ សម្រាប់ការស្រាវជ្រាវដែលទាក់ទងនឹងមនុស្ស
ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិក្រមសីលធម៌សម្រាប់ការស្រាវជ្រាវដែលទាក់ទងនឹងមនុស្ស បានរៀបចំកិច្ចប្រជុំពេញអង្គជារៀងរាល់២ខែម្តង ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា ប្រធានគណៈកម្មាធិការជាតិក្រមសីលធម៌ និងសមាជិក សមាជិកា រួមទាំងក្រុមលេខាធិការដើម្បីពិនិត្យលើពិធីសារ នៃការស្រាវជ្រាវដែលតម្រូវឱ្យឆ្លងតាមរយៈការប្រជុំពេញអង្គ ហើយបានដាក់មកគណៈកម្មាធិការក្នុងខែកញ្ញា និងតុលា២០២៤កន្លងមក។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ បានស្វាគមន៍សមាជិក សមាជិកា និងក្រុមលេខានឹងរំលឹកពីតួនាទីនឹងភារកិច្ចរបស់គណៈកម្មាធិការ និងក្រុមលេខានៅក្នុងការពិនិត្យលើការសិក្សាស្រាវជ្រាវដែលទាក់ទងនឹងមនុស្សនៅកម្ពុជា។ ជាកិច្ចបន្ត ឯកឧត្តមប្រធានក៏បានលើកយកគម្រោងស្រាវជ្រាវមកធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ដោយឈរលើគោលការណ៍ក្រមសីលធម៌ និងបច្ចេកទេស។ ជាលទ្ធផល គណៈកម្មការជាតិបានពិនិត្យយ៉ាងល្អិតល្អន់លើពិធីសារ នៃការសិក្សាស្រាវជ្រាវ ចំនួន១២ ក្នុងកិច្ចប្រជុំពេញអង្គនេះ។ បន្ថែមពីលើនេះ គណៈកម្មាធិការក៏បានធ្វើការវាយតម្លៃទៅលើពិធីសារ នៃការស្រាវជ្រាវដែលមានកម្រិតហានិភ័យទាបតាមរយៈការវាយតម្លៃរហ័សចំនួន៤៨ គម្រោងផ្សេងទៀត។ ជាសរុបគណៈកម្មាធិការជាតិបានពិនិត្យពិធីសារ នៃការសិក្សាចំនួន៦០ នៅចន្លោះខែកញ្ញា និងតុលា២០២៤។