កិច្ចប្រជុំអន្តរក្រសួងដើម្បីតាមដានវឌ្ឍនភាពការងារ និងត្រៀមរៀបចំកិច្ចប្រជុំលើកទី៥ នៃគណ:កម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបេឡារុស
ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្ម និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលចូលរួមក្នុង កិច្ចប្រជុំអន្តរក្រសួង ដើម្បីតាមដានវឌ្ឍនភាពការងារ និងត្រៀមរៀបចំកិច្ចប្រជុំលើកទី៤ គណ:កម្មាធិការចម្រុះស្តីពីកិច្ចសហប្រត្តិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបេឡារុស នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំដ៏មានសារ:សំខាន់នេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំបានដំណើរការពេញមួយព្រឹក ដោយរលូន និងជោគជ័យ ព្រមទាំងទទួលបានលទ្ធផលតាមការគ្រោងទុក ដែលក្នុងនោះអង្គប្រជុំបានពិភាក្សាយ៉ាងលម្អិត និងឯកភាពលើការពិនិត្យកែសម្រួលលើបណ្តាចំណុច ក្នុងមួយផ្នែកម្តងៗ នៃសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំគណ:កម្មាធិការចម្រុះលើកទី៤ ស្តីពីកិច្ចសហប្រត្តិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងបេឡារុស ព្រមទាំងពិភាក្សាលើរបៀបវារ: ដើម្បីត្រៀមរៀបចំកិច្ចប្រជុំរបស់គណ:កម្មាធិការចម្រុះ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី ជាតំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្ត្រីពាក់ព័ន្ធ នៃក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធចូលរួមទាំងអស់សរុបមាន ចំនួន៥៥រូប។