Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្ដីពីការណែនាំនិងពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវាផ្នែកសង្គ្រោះបន្ទាន់ និងផ្នែករថយន្តគិលានសង្គ្រោះ របស់មូលដ្ឋានសុខាភិបាលឯកជននៅក្នុងរាជធានីភ្នំពេញ
ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការណែនាំនិងពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវាផ្នែកសង្គ្រោះបន្ទាន់ និងផ្នែករថយន្តគិលានសង្គ្រោះ របស់មូលដ្ឋានសុខាភិបាលឯកជននៅក្នុងរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំទៅដល់ម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់គោរពឱ្យបានតាមសេចក្ដីណែនាំ និងច្បាប់បទដ្ឋានគតិយុត្តដែលបានណែនាំដោយក្រសួងសុខាភិបាល។ ជាពិសេសទៅលើផ្នែករថយន្តគិលានសង្គ្រោះដែលម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ពីក្រសួងសុខាភិបាលនោះ គឺត្រូវរៀបចំរថយន្តឱ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដាដែលបានកំណត់ដោយក្រសួងសុខាភិបាល និងត្រូវប្រើប្រាស់រថយន្តឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ហាមដាច់ខាតការយករថយន្តគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជនទៅដឹកអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណទៅដល់អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរគ្រប់ខណ្ឌទាំងអស់ដែលបានសហការយ៉ាងល្អជាមួយក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវអំពើខុសច្បាប់មួយចំនួនរបស់បុគ្គលមួយចំនួនតូចដែលបានប្រើប្រាស់រថយន្តគិលានសង្គ្រោះមិនត្រឹមត្រូវតាមច្បាប់ដែលបានកំណត់។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសរំលេចអំពីការអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹងបំផុតចំពោះបុគ្គលណាដែលបានប្រើប្រាស់រថយន្តគិលានសង្គ្រោះមិនស្របច្បាប់នាពេលកន្លងមកនិងបន្តអនុវត្តជាបន្តបន្ទាប់ទៀតដោយមិនមានការលើកលែងដល់ក្រុមដែលមិនគោរពតាមច្បាប់ និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការណែនាំបន្ថែមទៀតទៅដល់ម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ហើយខិតខំយកចិត្តទុកដាក់ពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋដែលមកទទួលសេវានៅក្នុងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន ជាពិសេសទៅលើផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកសម្ភព និងផ្នែកអមវេជ្ជសាស្រ្ត ដើម្បីទទួលបាននូវការគាំទ្រនិងទទួលបាននូវសុខសុវត្ថិភាពជូនអតិថិជនដែលមកទទួលសេវា។

កិច្ចប្រជុំនេះរៀបចំនៅមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមប្រធាននាយកដ្ឋានមន្ទីរពេទ្យព្រមទាំងសហការី និងម្ចាស់មូលដ្ឋានសុខាភិបាលឯកជនចំនួន៨០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

ប្រភេទព្រឹត្តិការណ៍