កិច្ចប្រជុំគណៈកម្មាធិការលើកកម្ពស់គុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ
ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤
ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការលើកកម្ពស់គុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ។
គោលបំណងនៃការប្រជុំគឺដើម្បី (១) បង្ហាញពីសមិទ្ធផលដែលបានអនុវត្តក្នុងឆ្នាំ ២០២៤ (២) ពិភាក្សាពីបញ្ហាប្រឈមដែលបានជួបប្រទះនៅតាមមន្ទីរពេទ្យនានា និងពិភាក្សាពីសកម្មភាពដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៥ ។
ក្នុងនោះដែរ លោកសាស្ត្រាចារ្យជំនួយ កុយ វីរីយ៉ា អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ បានធ្វើបទបង្ហាញពីគោលនយោបាយជាតិនៃការថែទាំសម្រាប់គិលានុបដ្ឋាក និងឆ្មបនិងធ្វើបច្ចុប្បន្នភាពគោលនយោបាយពីឆ្នាំ២០០៣ ឱ្យស្របតាមគោលការណ៍របស់អង្គការសុខភាពពិភពលោក ដោយផ្តោតលើ (១) ការអប់រំ (២) ភាពជាអ្នកដឹកនាំ (៣) ធនធានពលកម្មគិលានុបដ្ឋាក និងឆ្មប និង (៤) ការផ្តល់សេវា។
នៅចុងបញ្ចប់ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការបានផ្តល់អនុសាសន៍សម្រាប់ក្រុមការងារពង្រឹងការងារបន្ថែមទៀត (១) រៀបចំលំអិតការងារ (Job Description) តាមតួនាទី និងភារកិច្ច (២) ពិនិត្យមើលធនធានមនុស្សឱ្យស្របការលម្អិតការងារ (៣) មានជនបង្គោលនៅតាមផ្នែកនីំមួយៗ (៤) ការវាយតម្លៃសូចនករផ្អែកលើការងារ (៥) មានការបណ្តុះបណ្តាលបន្តសម្រាប់គិលានុបដ្ឋាក និងឆ្មប។ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការក៏លើកទឹកចិត្ត បង្កើតកិច្ចសហប្រតិបត្តិការណ៍គ្នារវាងការិយាល័យគិលានុបដ្ឋាក និងឆ្មប គណៈគិលានុបដ្ឋាកកម្ពុជា គណៈឆ្មបកម្ពុជា សមាគមគិលានុបដ្ឋាកកម្ពុជា និងសមាគមឆ្មបកម្ពុជា ដើម្បីចូលរួមក្នុងសន្និបាតសុខាភិបាលឆ្នាំ២០២៥ ខាងមុខ ព្រមទាំងរៀបចំផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៥ របស់ការិយាល័យគិលានុបដ្ឋាក និងឆ្មប គណៈគិលានុបដ្ឋាកជាតិកម្ពុជា គណៈឆ្មបជាតិកម្ពុជា សមាគមគិលានុបដ្ឋាកជាតិកម្ពុជា និងសមាគមឆ្មបជាតិកម្ពុជា។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការ លោកវេជ្ជបណ្ឌិត ហូយ សេរីវឌ្ឍនៈ អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកអនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ ការិយាល័យគិលានុបដ្ឋាកនិងឆ្មប តំណាងមន្ទីរពេទ្យជាតិ ប្រធានថែទាំមន្ទីរពេទ្យខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តសៀមរាប និងខេត្តកំពត គណៈគិលានុបដ្ឋាកកម្ពុជា និងសមាគមឆ្មបជាតិកម្ពុជា។