ការចុះពង្រឹងគុណភាពសេវាសាធារណៈនៅមន្ទីរពេទ្យបង្អែកស្រុកលើកទី២ ក្នងឆ្នាំ២០២៤
ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤
ខេត្តបាត់ដំបង៖ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រុមការងារចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកដែលមាន ឯកឧត្តមឱសថការី អ៊ូ វិភព រដ្ឋលេខាធិការ និងឯកឧត្តមសាស្ត្រាចារ្យជំនួយ ហេង សុទ្ធី អនុរដ្ឋលេខាធិការ បានចុះទៅពិនិត្យ និងពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៣ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដែលមានដូចជា មន្ទីរពេទ្យបង្អែកមោងឫស្សី ឯកភ្នំ និងរកា។
ការចុះពិនិត្យនេះ ធ្វេីឡេីងដេីម្បីជួយគាំទ្រជំរុញលេីកទឹកចិត្ត និងពង្រឹងការផ្តល់សេវាព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលផ្តោតសំខាន់លើ៧ចំណុចរួមមាន៖
១- ហេដ្ឋារចនាសម្ព័ន្ធ
២- ធនធានមនុស្ស
៣- សេវាគ្លីនិក (សង្គ្រោះបន្ទាន់ បន្ទប់ថតឆ្លុះ មន្ទីរពិសោធន៍ បន្ទប់វះកាត់ និងបន្ទប់ឆ្លងទន្លេ ព្រមទាំងផ្នែកទន្តសាស្ត្រ)
៤- ឧបករណ៍ បរិក្ខារ និងឱសថ
៥- ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ
៦- ការលើកកម្ពស់គុណភាពសេវា
៧- លក្ខខណ្ឌច្បាប់ និងរដ្ឋបាល។
នាក្នុងឱកាសនោះ ឯកឧត្ដមក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំប្រឹងប្រែងបម្រើសេវាថែទាំ និងព្យាបាលអ្នកជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
សូមបញ្ជាក់ផងដែរ ការចុះពង្រឹងនេះក៏មានការចូលរួមពី ឯកឧត្ដម វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងលោកប្រធានការិយាល័យស្រុកប្រតិបត្តិ និងប្រធានមន្ទីរពេទ្យបង្អែកទាំង៣ខាងលើផងដែរ។