Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើ បាថកឋាស្តីពី ការទាក់ទាញភាគីពាក់ព័ន្ធ (Stakeholders) ឱ្យចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិបាល (ភាគបន្ត) ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល
ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤

ថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបាថកឋាលើការទាក់ទាញភាគីពាក់ព័ន្ធ (Stakeholders) ឱ្យចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៤១៣នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការសំណេះសំណាល និងបានសួរនាំ នូវព័ត៌មានត្រឡប់ពីមន្រ្តីសុខាភិបាលអំពី កិច្ចការទូទៅនៅក្នុងអំឡុងពេលបានសិក្សាវគ្គនេះ អស់រយៈពេល ប្រមាណ ១ឆ្នាំកន្លងមក ព្រមទាំងកិច្ចការត្រៀមរបស់ក្រុមគ្រូពេទ្យដែលត្រូវធ្វើដំណើរមកកាន់រាជធានីភ្នំពេញជាមួយក្រុមកីឡាករអ៊ុទូកតាមបណ្តាខេត្តផ្សេងៗ ក្នុងព្រះរាជពិធីបុណ្យអ៊ុទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ឯកឧត្តមសាស្ត្រា ក៍បានជូនពរដល់មន្រ្តីសុខាភិបាលក្នុងព្រះរាជពិធីបុណ្យអ៊ុទូក និង បានបង្ហាញពីរចនាបទប្រទីបរបស់ក្រសួងសុខាភិបាលដែលតំណាងឱ្យមោទនភាពរបស់មន្រ្តីសុខាភិបាលទូទាំងប្រទេស។បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានណែនាំឱ្យមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព បន្តពង្រឹងការផ្តល់សេវា២៤ម៉ោង លើ ២៤ម៉ោង និងបានជំរុញឱ្យអង្គភាពទាំងអស់ចូលរួមធ្វើឱ្យស្ថាប័នសុខាភិបាលជាស្ថាប័នជួរមុខក្នុងការបង្ការកុំឱ្យមានគ្រោះអាសន្នសុខភាពសាធារណៈ។ 

នៅក្នុងបទបាថកឋា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកចំនុចគន្លឹះមួយចំនួនដែលមានភាពចំាបាច់សម្រាប់សម្រួលការចូលរួមរបស់ភាគីពាក់ព័ន្ធរួមាន៖ (១)ការទទួលស្គាល់សិទ្ធអំណាចរបស់ភាគីពាក់ពន្ធ័ (២)ការកាត់បន្ថយការប្រើប្រាស់អាម្មណ៍អវិជ្ជមានពេលធ្វើការជាមួយភាគីពាក់ពន្ធ័ (៣)ការស្វែងយល់ពីភាគីពាក់ពន្ធ័ (៤)ការសាកសួរប្រមូលយកការផ្តល់យោបល់ពីភាគីពាក់ព័ន្ធ (៥)ការរក្សាភាពស្មោះត្រង់ (៦)ការធ្វើឱ្យភាគីពាក់ពន្ធ័ពេញចិត្តនឹងចូលរួមជួយយើង និង (៧)ការរៀបចំរបៀបទំនាក់ទំនងរបស់យើងឱ្យស្របទៅនឹងស្ថានភាពរបស់ភាគីពាក់ពន្ធ័។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញពី មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោមប្រធានបទ “ការបង្កើនការជូនដំណឹងអំពីតម្លៃគ្រោះថ្នាក់ និងតេស្តគ្រោះថ្នាក់នៃលទ្ធផលរបស់អ្នកជំងឺទៅគ្រូពេទ្យឱ្យបានគ្រប់ករណី និងទាន់ពេលវេលា។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11

ប្រភេទព្រឹត្តិការណ៍