Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែក និងលើកទិសដៅបន្តជុំទី៣ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ធំ
ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៤

ខេត្តកំពង់ធំ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ និងឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយលោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល និងលោកវេជ្ជបណ្ឌិត ប៉ឹក គីមសាន អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះពង្រឹងគុណភាពសេវានៅ មន្ទីរពេទ្យបង្អែកទាំងពីរ ក្រោមឱវាទមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ធំ រួមមានមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក និងមន្ទីរពេទ្យបង្អែកស្ទោង។

សកម្មភាពចុះត្រួតពិនិត្យមន្ទីរពេទ្យបង្អែកស្រុកទាំងពីរ ផ្តោតលើប្រាំពីរផ្នែកសំខាន់ៗរួមមាន:
១.ហេដ្ឋារចនាសម្ព័ន្ធ និងរថយន្តគិលានសង្គ្រោះ
២.ធនធានមនុស្ស និងបណ្តុះបណ្តាល
៣.សេវាគ្លីនិក (សង្គ្រោះបន្ទាន់ បន្ទប់រូបភាពវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ បន្ទប់វះកាត់ និងបន្ទប់សម្ភព-រោគស្រ្តី ព្រមទាំងផ្នែកសុខភាពមាត់-ធ្មេញ)
៤.ឱសថ ឧបករណ៍ សម្ភារៈបរិក្ខារពេទ្យ
៥.ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ
៦.ការលើកកម្ពស់គុណភាពសេវា
៧. លក្ខខណ្ឌច្បាប់ និងរដ្ឋបាល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងការកោតសរសើរ ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាល ដែលបានខិតខំប្រឹងប្រែង និងលះបង់ខ្ពស់ក្នុងការងារបម្រើសេវាសុខាភិបាលជូនប្រជាជនទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងណែនាំដល់មន្រ្តី បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ពង្រឹងសមត្ថភាពការងារ និយាមវិជ្ជាជីវៈ ការបដិសណ្ឋារកិច្ចល្អ មានឥរិយាបថទន់ភ្លន់ រួសរាយរាក់ទាក់ ក្នុងការបម្រើសេវាប្រកបដោយប្រសិទ្ធិភាព គុណភាព សុវត្ថិភាព។

ក្រោយសកម្មភាពចុះត្រួតពិនិត្យ ក្រុមការងារក៏មានកិច្ចប្រជុំបូកសរុបការងារ និងផ្តល់ព័ត៌មានត្រឡប់ ដោយមានការអញ្ជើញចូលរួមពី លោក មាន់ ចាន់ថារ៉ូ អភិបាលរង នៃគណៈអភិបាលស្រុកបារាយណ៍ និងលោក ថូ គឹមស៊ន អភិបាលរង នៃគណៈអភិបាលស្រុកស្ទោង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោង ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកស្ទោង និងមន្រ្តីក្រោមឱវាទ ដើម្បីពិភាក្សា ដោះស្រាយបញ្ហាប្រឈម និងលើកផែនការអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកស្រុក ធ្វើយ៉ាងណាឱ្យមានការរីកចម្រើន ដើម្បីបម្រើសេវាជូនប្រជាជនប្រកបដោយគុណភាព សុវត្ថិភាព ស្របតាមគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

ប្រភេទព្រឹត្តិការណ៍