Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ទិវាទឹកនោមផ្អែមពិភពលោក ២០២៤ ក្រោមប្រធានបទ ‟ជំនះឧបសគ្គដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែម និងសុខុមាលភាព”
ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៤

ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងទិវាទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ‟ជំនះឧបសគ្គ ដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែម និងសុខុមាលភាព”។
 
ទិវានេះមានគោលបំណងគាំទ្រការប្តេជ្ញាចិត្តរបស់យើងក្នុងការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងធានាថាមនុស្សទាំងអស់ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែមអាចទទួលបានការព្យាបាល និងការថែទាំប្រកបដោយសមធម៌ ទូលំទូលាយ តម្លៃសមរម្យ និងប្រកបដោយគុណភាព។ សូមចូលរួមទាំងអស់គ្នា ក្នុងការលើកកម្ពស់ការយល់ដឹង ផ្សព្វផ្សាយចំណេះដឹង ការផ្លាស់ប្ដូរឥរិយាបថរបៀបរបបនៃការរស់នៅដើម្បីកាត់បន្ថយការកើតនៃជំងឺទឹកនោមផ្អែម ដោយបង្កើនសកម្មភាពរាងកាយដូចជាការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ការបរិភោគចំណីអាហារប្រកបដោយសុខភាពដោយកាត់បន្ថយអាហារដែលមានជាតិ ប្រៃ ផ្អែម និងជាតិខ្លាញ់ ចៀសវាងការពិសាគ្រឿងស្រវឹង និងបារី។
 
រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជំងឺទឹកនោមផ្អែម ដោយបានផ្គត់ផ្គង់ឱសថ និងសម្ភារតេស្តរកជំងឺទឹកនោមផ្អែមនៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ដើម្បីធ្វើយ៉ាងណាការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
 
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែមត្រូវជ្រើសរើសសេវាព្យាបាលឱ្យបានត្រឹមត្រូវ ពោលត្រូវមកកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា ដែលធ្វើឱ្យចំណេញទាំងពេលវេលា ថវិកា និងធានាបាននូវសុខភាពល្អបន្តបំពេញការងារប្រចាំថ្ងៃដូចប្រជាពលរដ្ឋទូទៅ។
 
ក្នុងពិធីនេះផងដែរមានការអញ្ជើញចូលរួមពីមន្ត្រីមកពីនាយកដ្ឋានការពារសុខភាព មន្ទីរសុខាភិបាលខេត្តតាកែវ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិគីរីវង់ អភិបាលរងស្រុក អ្នកជំងឺទឹកនោមផ្អែម ការិយាល័យអប់រំស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យ ព្រះសង្ឃនិងតាអាចារ្យនិងដូនជី ចំនួន១៥០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍