Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកទី១៣ នៃយន្តការរដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក ស្តីពីផលិតផលឱសថអន់គុណភាព និងក្លែងបន្លំ
ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤

ទីក្រុងហ្សឺណែវ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងតំណាងនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានចូលរួមកិច្ចប្រជុំលើកទី១៣ នៃយន្តការរដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក ស្តីពីផលិតផលឱសថអន់គុណភាព និងក្លែងបន្លំ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។ កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្តពីរដ្ឋជាសមាជិកសរុបចំនួនជាង ៦០ប្រទេស។

កិច្ចប្រជុំបានសង្កត់ធ្ងន់លើការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិយ័តកម្មឱសថជាតិ និងតំបន់ ដែលបាននិងកំពុងបន្តអនុវត្តដើម្បីធ្វើឱ្យប្រសើរឡើងលើការបង្ការ ការស្វែងរកឃើញ និងការឆ្លើយតបចំពោះផលិតផលឱសថអន់គុណភាព និងក្លែងបន្លំជាសកល ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ ការកសាងសមត្ថភាព និងការកែលម្អក្របខ័ណ្ឌបទប្បញ្ញតិ ក្នុងចំណោមរដ្ឋជាសមាជិក ដើម្បីឆ្លើយតបទៅនឹងការចែកចាយផលផលិតផលឱសថអន់គុណភាព និងក្លែងបន្លំ។ 

នៅក្នុងកិច្ចប្រជុំក៏មានការបង្ហាញពីឧបករណ៍ស្វ័យប្រវត្តិកម្ម ដែលបាននិងកំពុងអភិវឌ្ឍដោយប្រទេសស្វីស ប្រើប្រាស់ក្នុងការស្វែងរក និងវាយតម្លៃគេហទំព័រ ដែលសង្ស័យផ្សព្វផ្សាយពាណិជ្ជកម្ម និងផ្គត់ផ្គង់ផលិតផលឱសថអន់គុណភាព និងក្លែងបន្លំ ដើម្បីជួយដល់ការទប់ស្កាត់ការផ្សព្វផ្សាយ និងលក់ឱសថខុសច្បាប់អនឡាញ។

ការផ្សព្វផ្សាយ និងលក់ផលិតផលឱសថនៅលើទីផ្សារមិនផ្លូវការគឺជាបញ្ហាសំខាន់ដែលរដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាពសុខភាពសាធារណៈ និងទប់ស្កាត់ការប្រព្រឹត្តល្មើសច្បាប់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

ប្រភេទព្រឹត្តិការណ៍