Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ែន ឈានរិទ្ធី ប្រធានអង្គការមណ្ឌលព័ត៌មានជំងឺ (ម.ព.ជ)
ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការ ក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារដោយ លោក ម៉ែន ឈានរិទ្ធី ប្រធានអង្គការមណ្ឌលព័ត៌មានជំងឺ និងក្រុមការងារ។ កិច្ចប្រជុំក៏មានការចូលរួមរបស់ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងនាយកដ្ឋានពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិភាក្សា និងស្តាប់របាយការណ៍អំពីវឌ្ឍនភាពការងាររបស់អង្គការ ដែល បានសម្រេចកន្លងមក ព្រមទាំងលើកទិសដៅបន្តរបស់អង្គការមណ្ឌលព័ត៌មានជំងឺ (ម.ព.ជ) ដើម្បីធានានូវ តួនាទីរបស់អង្គការមិនមែនរដ្ឋាភិបាលជាដៃគូសហប្រតិបត្តិការ។

ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការមណ្ឌលព័ត៌មានជំងឺ ដែលបានចូលរួមសកម្មភាពលើកកម្ពស់សុខភាព រួមចំណែកជាមួយ​ ក្រសួងសុខាភិបាលក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការពារនិងប្រយុទ្ធនឹងជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ដែលជា វិស័យអាទិភាព១ ក្នុងចំណោមយុទ្ធសាស្រ្តអាទិភាពទាំង៩ របស់ក្រសួងសុខាភិបាល។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសរំលេចអំពីវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

លោក ម៉ែន ឈានរិទ្ធី ប្រធានអង្គការមណ្ឌលព័ត៌មានជំងឺ (ម.ព.ជ) បានជម្រាបជូនអង្គប្រជុំថា អង្គការមណ្ឌលព័ត៌មានជំងឺ គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាល ចាប់តាំងឆ្នាំ២០០៨ មក សម្រាប់គម្រោងកម្មវិធីបណ្តាញមិត្តអប់រំមិត្ត។ បច្ចុប្បន្ននេះ កម្មវិធីបណ្តាញមិត្តអប់រំមិត្ត បាននិងកំពុងដំណើរការនៅតាមមូលដ្ឋានសុខាភិបាលស្រុកប្រតិបត្តិចំនួន២៨ ក្នុងរាជធានី/ខេត្តចំនួន១២ រួមមាន រាជធានីភ្នំពេញ ខេត្តតាកែវ បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ធំ កំពត កំពង់ចាម ស្វាយរៀង កណ្តាល កំពង់ឆ្នាំង ក្រចេះ និងត្បូងឃ្មុំ។ អង្គការមានទស្សនៈវិស័យចង់ឱ្យអ្នកជំងឺដែលមកទទួលសេវា ដូចជា ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម អាចបន្តរស់នៅបានជាប្រក្រតីជាមួយជំងឺរបស់ពួកគេពេញមួយជីវិត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិដូចពលរដ្ឋទូទៅដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានគាំទ្រ និងលើកទឹកចិត្តអង្គការខាងលើឱ្យពិនិត្យឡើងវិញនូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដោយពិភាក្សាជាមួយនាយកដ្ឋានជំនាញឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាតួនាទីរបស់អង្គការដៃគូគឺគាំទ្រមូលដ្ឋានសុខាភិបាលនៅនឹងកន្លែង សំដៅបន្តនិរន្តរភាពនៃសេវាដែលមានស្រាប់ និងពង្រីកបន្ថែមទៅកាន់តែកៀកនឹងប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអនុលោមភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាក្រសួងសខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

ប្រភេទព្រឹត្តិការណ៍