សន្និសីទសល្យសាស្ត្រកម្ពុជា លើកទី២៩ របស់សមាគមសល្យសាស្ត្រកម្ពុជា
ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសន្និសីទសល្យសាស្ត្រកម្ពុជា លើកទី២៩ ក្រោមប្រធានបទ នវានុវត្តន៍បច្ចេកទេសវះកាត់ក្នុងយុគសម័យថ្មី នៅសណ្ឋាគារភ្នំពេញ។
សូមរំលឹកថា សមាគមសល្យសាស្ដ្រកម្ពុជា ជាសមាគមដែលមានវ័យចំណាស់ជាងគេ (ក្នុងចំណោមសមាគមវិទ្យាសាស្ត្រវិស័យសុខាភិបាល) ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ មកទល់នឹងពេលនេះមានការរីកចម្រើនយ៉ាងខ្លាំង ដែលមានចែកជាសមាគមឯកទេសនានា និងមានគ្រូពេទ្យជំនាញវះកាត់ជាច្រើនបង្គួរ ប៉ុន្ដែក៏នៅតែមានការខ្វះខាតក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសនៅតាមមន្ទីរពេទ្យខេត្ដស្រុក ដោយសារការពង្រាយធនធានមនុស្ស មិនទាន់បានសមាមាត្រទៅនឹងដង់ស៊ីតេប្រជាជន ដែលកិច្ចការនេះទាមទារ ឱ្យថ្នាក់ដឹកនាំនៅមូលដ្ឋានពិនិត្យឡើងវិញ ដើម្បីជ្រើសរើស និងទាក់ទាញធនធានមនុស្សទៅបម្រើសេវាសុខាភិបាល នៅមូលដ្ឋានរបស់ពួកគាត់ ហើយត្រូវបង្កើនការបណ្ដុះបណ្ដាលនៅនឹងកន្លែងឱ្យបានល្អថែមទៀត។
ទាក់ទងនឹងការបណ្ដុះបណ្ដាលនេះដែរ ឯកឧត្តមសាស្ដ្រាចារ្យបានថ្លែងអំណរគុណដល់ភាគីមិត្ដបារំាង ដែលបានជួយទាំងការបណ្ដុះបណ្តាលធនធានមនុស្សសុខាភិបាលគ្រប់ជំនាញ និងការគាំទ្រសហការក្នុងការរៀបចំសន្និសីទវិទ្យាសាស្ត្រវេជ្ជសាស្ត្រនានាជារៀងរហូតមក និងនៅតែបន្តគាំទ្រវិស័យសុខាភិបាលកម្ពុជាបន្ថែមទៀត ជាសខីភាព ឯកឧត្តមប្រធានាធិបតីបារាំងបានថ្លែងបញ្ជាក់ក្នុងព្រះរាជសវណាការ ជាមួយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាថ្មីៗកន្លងទៅនេះ ថាបារាំងនឹងបន្តជួយវិស័យសុខាភិបាលកម្ពុជា ពិសេសលើការវះកាត់ពីចំងាយ និងបញ្ញាសិប្បនិម្មិត(AI)។
ឯកឧត្តមសាស្ត្រាចារ្យបានបញ្ជាក់ច្បាស់ថា ដើម្បីឆ្លើយតបនឹងប្រធានបទ នវានុវត្តន៍បច្ចេកវិទ្យាវះកាត់ក្នុងយុគ្គសម័យថ្មី គឺចាំបាច់ត្រូវ ទី១ នវានុវត្តន៍ធនធានមនុស្សប្រកបដោយចំណេះជំនាញច្បាស់លាស់ និងក្រមសីធម៌វិជ្ជាជីវៈល្អ ទី២ នវានុវត្តន៍នូវយន្តការអនុវត្តការងារដែលមានស្រាប់អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទី៣ គឺ នវានុវត្តន៍នូវបច្ចេកវិទ្យា សម្ភារៈឧបករណ៍ ទាំងបីនេះរួមគ្នាទើបការបម្រើសេវាវះកាត់ជូនប្រជាជនយើងមានគុណភាព សក្ដ័សិទ្ធភាព និងសុវត្ថិភាពខ្ពស់។
គួរបញ្ជាក់ថា សន្និសីទធ្វើឡើងរយៈពេល១ថ្ងៃពេញ ចែកជា៣បន្ទប់ប្រជុំ និង៣វគ្គស្របពេលគ្នា ដោយមានបទបង្ហាញល្អៗ សំខាន់ជាច្រើនឯកទេសជាមួយវាគ្មិនល្បីៗ ជាតិ និងអន្តរជាតិមួយចំនួនដូចជា បារាំង សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ ម៉ាលេស៊ី ភីលីពីន សិង្ហបុរី និងថៃ។ សន្និសីទនេះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ទីប្រឹក្សា សាស្ត្រាចារ្យ សកលវិទ្យាធិការ នាយក និងនាយករងមន្ទីរពេទ្យជាតិជាច្រើនរូបផងដែរ។