Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា «វិស័យសុខាភិបាលនឹងទទួលបានជោគជ័យដរាបណាអ្នកដឹកនាំគ្រប់ឋានុក្រមក្នុងវិស័យនេះ មានលក្ខណៈសម្បត្តិជាមេដឹកនាំដែលរឹងមាំ លះបង់ ច្បាស់លាស់ និងដើរតួរជាបង្អែកឱ្យបុគ្គលិកនិងក្រុមការងារ»
ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមសំណេះសំណាលក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដោយបានផ្តល់សាររំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៧៣២នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សំដែងការកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំកែលម្អគុណភាពសេវា និងបានណែនាំមន្រ្តីសុខាភិបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យតាមបណ្តារាជធានី-ខេត្ត ឱ្យពង្រឹងកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន និងខិតខំបន្ថែមទៀត ជាពិសេសផ្តោតការយកចិត្តទុកដាក់មើលថែដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ណ័មូលនិធិសមធម៌ ឬ ប័ណ្ណសមាជិក ប.ស.ស. ព្រមទាំងបងប្អូនក្រុមគ្រួសារសាច់ញាតិអ្នកជំងឺ។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសង្កត់ធ្ងន់ថា កិច្ចការក្នុងវិស័យសុខាភិបាលនឹងទទួលបានជោគជ័យដរាបណាអ្នកដឹកនាំគ្រប់ឋានុក្រមក្នុងវិស័យនេះ មានលក្ខណៈសម្បត្តិជាមេដឹកនាំដែលរឹងមាំ លះបង់ ច្បាស់លាស់ និងដើរតួរជាបង្អែកឱ្យបុគ្គលិកនិងក្រុមការងារ។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យ បានអនុញ្ញាតឱ្យមានបទបង្ហាញពីការដឹកនាំមន្ទីរសុខាភិបាលដែលធ្វើឡើងដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។ ក្រោយពីបទបង្ហាញ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមលើកយកចំនុចគន្លឹះមួយចំនួនមករំលេចបន្ថែមដូចជា (១)ការរៀបចំពេលវេលាផ្តល់សេវានៅតាមគ្រឹះស្ថានសុខភាព (២)ការគ្រប់គ្រងសេវាឯកជនឱ្យមានប្រសិទ្ធភាព និង (៣)ការលើកកម្ពស់ការតាំងចិត្តនិងភាពពេញចិត្តរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលក្នុងការងារដោះស្រាយបញ្ហាដែលស្មុគ្រស្មាញនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17

ប្រភេទព្រឹត្តិការណ៍