Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកទី១៥ របស់ក្រុមការងារ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក (CPA Guidelines)
ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤  ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការណែនាំពី ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីរៀបចំសេចក្តីណែនាំសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក សហការជាមួយ ឯកឧត្តម លោកជំទាវអនុប្រធាន ដឹកនាំកិច្ចប្រជុំលើកទី15 របស់ក្រុមការងារ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក (CPA Guidelines) នៅទីស្តីការក្រសួងសុខាភិបាល។ 

អង្គប្រជុំបានដំណើរការពេញមួយព្រឹកដោយរលូន និងជោគជ័យ ដែលក្នុងនោះបានផ្តោតសំខាន់ និងពិភាក្សាយ៉ាងលម្អិតលើការធ្វើបច្ចុប្បន្នភាពនៃជំពូក សេវាវេជ្ជសាស្ត្រសង្គម សេវាបែងចែក និងចុះបញ្ជីអ្នកជំងឺ សេវាស្តារលទ្ធភាពពលកម្មបែបវេជ្ជសាស្ត្រ និងការងារត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១១-១២ ខែធ្នូខាងមុខ ព្រមទាំងកិច្ចការមួយចំនួនទៀត។ គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះក្រុមការងារបានដំណើរការការងាររបស់ខ្លួនជាបន្តបន្ទាប់ ដោយនិរន្តរភាព  និងបានបំពេញការងារបានប្រមាណ ៨៦% ធៀបនឹងទំហំការងារសរុប ហើយដែលគ្រោងនឹងបញ្ចប់តាមផែនការគ្រោងទុកអោយបានចប់មុនដំណាច់ឆ្នាំ២០២៤ ខាងមុខនេះ។

អង្គប្រជុំនេះ បានរៀបចំតាមកិច្ចប្រជុំផ្ទាល់ និងអនឡាញ តាមប្រព័ន្ធZoom ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ  រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា លោក លោកស្រី តំណាងនាយកដ្ឋាន អង្គភាពថ្នាក់កណ្តាល តំណាងមន្ទីរសុខាភិបាល និង មន្ទីរពេទ្យបង្អែកខេត្ត ស្រុក តំណាងដៃគូអភិវឌ្ឍន៍ សមាជិក សមាជិកាក្រុមការងារ និងអ្នកពាក់ព័ន្ធនឹងក្រុមការងារ CPA ចូលរួមទាំងអស់ មានចំនួន ២៧រូប។

Image 1
Image 2
Image 3

ប្រភេទព្រឹត្តិការណ៍