ពិធីសម្ពោធសមិទ្ធផលនានានៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ
ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២៤
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមតំណាង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងពិធីសម្ពោធសមិទ្ធផលនៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ បឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
តំបន់បឹងជង្រុក ដែលពីមុនធ្លាប់ជាតំបន់អសន្តិសុខ ដោយសារសង្គ្រាម និងគ្រាប់មិនទាន់ផ្ទុះ ឥលូវត្រូវបានប្រែក្លាយជាតំបន់អភិវឌ្ឍ។ សមិទ្ធផលនេះកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍទៅមុខឥតឈប់ឈរ ជាពិសេស ការកែប្រែអតីតតំបន់សមរភូមិ មកជាទីប្រជុំជន មានសុខសុវត្ថិភាពពេញលេញ និងមានការរីកចម្រើន ។
សូមបញ្ជាក់ថា តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ក៏មានមណ្ឌលសុខភាព បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅក្នុងនោះ ដើម្បីបំរើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។