ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ
ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឹអេដស៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ "សិទ្ធជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍" នៅសាលសន្នីសីទចតុមុខ ។
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ បានរៀបចំដំបូងនៅឆ្នាំ១៩៨៨ ក្នុងគោលបំណងដេីម្បីបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ដល់អ្នកផ្ទុកមេរោគអេដស៍ និងរំលឹកការចងចាំដល់មនុស្សទាំងឡាយដែលបានស្លាប់ដោយសារជំងឺអេដស៍។ ពិធីនេះ ក៏រំលឹកដល់ប្រជាជនទូទាំងសកលលោក និងរដ្ឋាភិបាលតាមបណ្តាប្រទេសទាំងអស់ថា មេរោគអេដស៍នៅមិនទាន់ទៅណាឆ្ងាយនៅឡេីយទេ។
ពិធីនេះមាការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាប្រធាន អនុប្រធាន សមាជិក និងតំណាង គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានីភ្នំពេញ កាកបាទក្រហមកម្ពុជា ស្ថានទូត អង្គការសហប្រជាជាតិ អង្គការជាតិ អន្តរជាតិ អ្នករស់នៅជាមួយមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះកងកម្លាំងប្រដាប់អាវុធ សមាគមកាយឫទ្ធិនារីកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សមាគមសិល្បករខ្មែរ ព្រមទាំងសិស្សានុសិស្ស មានចំនួនសរុបប្រមាណ៥០០នាក់។