Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ពិធីចុះសាកសួរសុខទុក្ខ សំណេះសំណាលជាមួយក្រុមការងារស្ម័គ្រចិត្ត និងពិធីបិទវគ្គវះកាត់ អង្គការស្នាមញញឹមកម្ពុជា
ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៤

ខេត្តស្វាយរៀង៖ ថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមតំណាង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងពិធីចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមការងារស្ម័គ្រចិត្ត នៅមន្ទីរពេទ្យខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអមដំណើរដោយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោក ចាន់ កុកចយ លោកសាស្ត្រាចារ្យ នូ សារុំ សមាជិកក្រុមប្រឹក្សាភិបាល អង្គការស្នាមញញឹមកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត គួច ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋបាលខេត្តស្វាយរៀង និងមន្រ្តីសុខាភិបាលជាច្រើនរូបទៀត។

អង្គការស្នាមញញឹមកម្ពុជាធ្លាប់បានចុះសហការជាមួយមន្ទីរពេទ្យខេត្តស្វាយរៀង ចុះវះកាត់ដំបូងពីឆ្នាំ ២០១១ បានចំនួន ៨៨ករណី លើកទី២ឆ្នាំ២០១៤ បានចំនួន៧៧ករណី  លើកទី៣ឆ្នាំ២០១៩ បានចំនួន ៤២ករណី និងលើកទី៤ ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា បញ្ចប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ បានចំនួន ៣៦ករណី ដោយជោគជ័យសរុបចំនួន ២៣៤ករណី។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលជាស្ថាបនិកខ្ពង់ខ្ពស់បំផុតរបស់អង្គការស្នាមញញឹមកម្ពុជាបានបង្កើតមជ្ឈមណ្ឌលស្នាមញញឹមកម្ពុជា និងបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាល និងគាំទ្រធ្វើឱ្យអង្គការស្នាមញញឹមកម្ពុជាអាចបំពេញបេសកកម្មឆ្ពោះទៅកាន់ការផ្តល់សេវាវះកាត់ដោយឥតគិតថ្លៃដល់កុមារ និងប្រជាពលរដ្ឋដែលមានបញ្ហាមាត់ឆែប ក្រអូមឆែប និងពិការមុខមាត់នៅទូទាំងប្រទេស ក្នុងនោះមានកុមារចំនួន ៥៥៧៦ករណី បានទទួលការវះកាត់មាត់ឆែបដោយជោគជ័យចាប់តាំងពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ន។

ក្នុងពិធីបិទបញ្ចប់វគ្គនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក៏បានលើកយកប្រសាសន៍ផ្តាំផ្ញើដ៏មានតម្លៃ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងការគាំទ្រអង្គការស្នាមញញឹមកម្ពុជារៀបចំចងក្រងកម្មវិធីវះកាត់ពិការភាព មុខមាត់ដោយមាននិយាមច្បាស់លាស់ដាក់បញ្ចូលក្នុងកម្មវិធីថែទាំសុខភាពមាតានិងទារក អាចបង្កើតភាពរឹងមាំក្នុងប្រព័ន្ធសុខាភិបាលជាតិ ដើរតួនាទីសំខាន់ក្នុងការធានាគុណភាពជីវិត លើកកម្ពស់សុខភាពជាតិ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

ប្រភេទព្រឹត្តិការណ៍