Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ពិធីបិទវគ្គបណ្តុះបណ្តាល ក្នុងពេលបម្រើការងារសម្រាប់មន្ត្រី ដែលជាប្រធាន និងអនុប្រធានថែទាំនៃមន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិ ចំនួន ១២អង្គភាព នៅមន្ទីរពេទ្យកាល់ម៉ែត
ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គចែកវិញ្ញាបណ្ណបត្រជូនដល់សិក្ខាកាមចូលរួមមានចំនួន ២៤នាក់ ដែលជាប្រធាន និងអនុប្រធានផ្នែកថែទាំ មកពីមន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិ ចំនួន ១២អង្គភាព ដែលបានចូលរួមវាយតម្លៃលើការបង្កើនចំណេះដឹង និងផ្តល់មតិកែលម្អ លើប្រសិទ្ធភាព នៃការបណ្តុះបណ្តាល។

វគ្គបណ្តុះបណ្តាលមានគោលបំណងបន្តពង្រឹង និងពង្រីកសមត្ថភាពអ្នកគ្រប់គ្រងផ្នែកថែទាំក្នុងមន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិ ដើម្បីកាន់តែធានាបាននូវការថែទាំប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្តិភាពខ្ពស់។ កម្មវិធីនេះរួមបញ្ចូលម៉ូឌុលចំនួន៨ ដោយផ្ដោតលើ (១)ការគ្រប់គ្រងការថែទាំ និងភាពជាអ្នកដឹកនាំ (២)ការលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ (៣)សីលធម៌ នៃការថែទាំ (៤)ការប្រាស្រ័យទាក់ទង (៥)ព័ត៌មានវិទ្យា នៃការថែទាំ (៦) ការស្រាវជ្រាវផ្នែកថែទាំ (៧)ជំនាញមូលដ្ឋាននៃការថែទាំ និង(៨)ការប្រើប្រាស់ដំណើរការនៃការថែទាំជំងឺ។ 

លទ្ធផលនៃវគ្គសិក្សាសម្រេចបាន លើការវាយតម្លៃកម្រឹតខ្ពស់ក្នុងពិន្ទុ ៤.៤ លើ ៥  ពិតជាបានឆ្លុះបញ្ចាំងពីការពេញចិត្តចំពោះ គុណភាព នៃការបណ្ដុះបណ្ដាលដែលបានរៀបចំឡើង។ រីឯលទ្ធផលកម្រិតចំណេះដឹង បានកើនឡើងនៅគ្រប់ប្រធានបទទាំងអស់ ជាមួយនឹងពិន្ទុតេស្ត ក្រោយការសិក្សាលើសពី ៩០%។ កម្មវិធីនេះបានសម្រេចគោលបំណងរបស់ខ្លួន ដោយជោគជ័យ និងមានការណែនាំ អំពីកាអភិវឌ្ឍវិជ្ជាជីវៈបន្ត សម្រាប់គិលានុបដ្ឋាក។

នៅចុងបញ្ចប់ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នាយកដ្ឋានមន្ទីរពេទ្យ និងអង្គការ JICA ដែលរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលប្រធានថែទាំសម្រាប់មន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិនេះឡើង។ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិកា រក៏លើកទឹកចិត្ត ធ្វើការអភិវឌ្ឍន៍ខ្លួន (Continuing professional development) ជាប់ជាប្រចាំ សម្រាប់វិជ្ជាជីវៈថែទាំ អ្នកមានសមត្ថភាពគួរបន្តពីបរិញ្ញាបត្ររងទៅបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតឱ្យបានកាន់តែច្រើនទើបការចូលរួមចំណែកពង្រឹងវិជ្ជាជីវៈកាន់តែរឹងមាំ និងមុតស្រួចយូរអង្វែងសម្រាប់សុខាភិបាលយើង។ ស្របតាមអនុសាសន៍ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី លោកជំទាវសាស្ត្រាចារ្យ សូមអោយបន្ថែមការពង្រឹងការយកចិត្តទុកដាក់លើការអនុវត្តការបម្រើសេវាសុខាភិបាលប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងប្រកបដោយទំនុកចិត្តខ្ពស់ និងសូមរៀបចំការបណ្តុះបណ្តាលបន្ត ដល់នាយសាល ឬបុគ្គលិកមន្ទីរពេទ្យថែមទៀត ក្នុងទិសដៅគាំទ្រសមត្ថភាពបុគ្គលិកខ្លួន និងអាចវាយតម្លៃបានកង្វះខាតដែលនៅមាន និងឆាប់ត្រូវបានបំពេញវិញ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

ប្រភេទព្រឹត្តិការណ៍