Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលរំលឹកស្តីពី ការប្រើប្រាស់កម្មវិធី (CanReg-5)សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីកបែបប្រជាសាស្ត្រ​(Population Based Cancer Registries)
ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ទី០២ ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារសម្រាប់រៀបចំប្រព័ន្ធកត់ត្រាជំងឺមហារីកនៅកម្ពុជាបានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលរំលឹកស្តីពីការប្រើប្រាស់កម្មវិធី(CanReg-5)សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីកបែបប្រជាសាស្ត្រ​(Population Based Cancer Registries)

កម្មវត្ថុនៃវគ្គបណ្តុះបណ្តាលរំលឹករួមមាន៖

១.ណែនាំអំពីនិយាមនីតិវិធីប្រតិបត្តិ(SOP)សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក
២.លម្អិតពីទម្រង់កត់ត្រាជំងឺមហារីក(PBCR-Registration Form)
៣.អនុវត្តដោយដៃ ដើម្បីធានាបាននូវការបំពេញទម្រង់(PBCR-Registration Form)បានត្រឹមត្រូវ

វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីមូលដ្ឋានសុខាភិបាលចំនួន១៥នៅរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុបចំនួន៣០រូប។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមយល់អំពីនិយាមនីតិវិធីប្រតិបត្តិ(SOP)សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក និងអាចបំពេញទម្រង់កត់ត្រាជំងឺមហារីក(PBCR -Registration Form)នៅលើកម្មវិធី(CanReg-5)បានត្រឹមត្រូវ។​ វគ្គបណ្តុះបណ្តាលរំលឹកនេះ មានសារៈសំខាន់ សម្រាប់មូលដ្ឋានសុខាភិបាល ដែលផ្តល់សេវាជងឺមហារីក​ ក្នុងការកត់ត្រានិងទទួលបានទិន្នន័យជំងឺមហារីកដ៏មានភាពចាំបាច់និងលក្ខណៈសកល ចំណែកការប្រមូលទិន្នន័យសាកល្បងក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ​ គ្រោងនឹងចាប់ផ្តើមធ្វើឡើង​ បន្ទាប់ពីទទួលបាន និយាមនីតិវិធីប្រតិបត្តិ(SOP)សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីកជាផ្លូវការមួយ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការអរគុណដល់អង្គការ Vital Strategies ដែលបានចូលរួមសហការឧបត្ថម្ភគាំទ្រជាមួយក្រសួងសុខាភិបាលក្នុងការរៀបចំកម្មវិធី(CanReg-5)នេះឡើងជាពិសេសមន្ទីរពេទ្យជាតិពាក់ព័ន្ធ​ ដែលបានសហការនិងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។​

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី​​​ លោកជំទាវទីប្រឹក្សាក្រសួងសុខាភិបាល​ ក្រុមការងារនាយកដ្ឋានការពារសុខភាព មន្ទីរពេទ្យជាតិ មន្ទីរពេទ្យឯកជន​ អង្គរការ(NGOs)ដែលមានផ្ដល់សេវារោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីក និងអង្គការជាដៃគូ។

Image 1
Image 2
Image 3
Image 4
Image 5

ប្រភេទព្រឹត្តិការណ៍