កិច្ចប្រជុំប្រចាំឆ្នាំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២៤ និងការធ្វើផែនការសម្រាប់ឆ្នាំ២០២៥ នៃមជ្ឈមណ្ឌល ជាតិគាំពារមាតា និងទារក
ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៤
ព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយ
ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពកិច្ចប្រជុំប្រចាំឆ្នាំ ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២៤ និងការធ្វើផែនការសម្រាប់ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌល ជាតិគាំពារមាតា និងទារក។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដូចខាងក្រោម៖
១-ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តក្នុងឆ្នាំ២០២៤ បញ្ហាប្រឈមសំខាន់ៗ ទាក់ទងនិងការអនុវត្តផែនការ ព្រមទាំងវឌ្ឍនភាពសម្រាប់កម្មវិធីប្រចាំឆ្នាំ២០២៤-២០២៨
២-ដើម្បីកំណត់អាទិភាពសំខាន់ៗ សម្រាប់ផែនការឆ្នាំ២០២៥ ដោយផ្អែកលើ CPD 2024 –2028 ភស្តុតាងថ្មីៗ ដូចជាការរកឃើញរបស់ CDHS បញ្ហាប្រឈម និងមេរៀនបទពិសោធន៍ឆ្នាំ២០២៤។
មុនពេលចាប់ផ្តើមផ្តល់នូវអនុសាសន៏ជូនអង្គប្រជុំ លោកជំទាវសាស្រ្តាចារ្យ បានលើកឡើងពីប្រសាសន៏ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានសួរថា “ តើយើងត្រូវធ្វើយ៉ាងណា ដើម្បីការងារថែទាំសុខភាពប្រជាពលរដ្ឋទទួលបានជោគជ័យ និងមាននិរន្តរភាព”? ដើម្បីជាជំនួយក្នុងពេលធ្វើផែនការបន្ត ក្នុងនាមអ្នកដឹកនាំកិច្ចការគាំពារមាតា និងទារក “តើត្រូវធ្វើយ៉ាងណា ឱ្យការផ្តល់សេវាថែទាំសុខភាពមាតា ទារក កុមារបានទទួលជោគជ័យ ដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាពមាតា?”។
លោកជំទាវសាស្រ្តាចារ្យមានអនុសាសន៍ លើបញ្ហាចំបងៗមួយចំនួន ដែលអង្គសិក្ខាសាលា ត្រូវជួយចូលរួមពិភាក្សា ពិចារណា និងស្វែងរកដំណោះស្រាយដែលកាន់តែប្រសើរ ដូចជា ៖
១. ពង្រឹងគុណភាពក្រុមការងារឆ្មប និងគ្រូពេទ្យ ក្នុងការផ្តល់សេវាថែទាំផ្ទៃពោះមុនសម្រាល ពេលសម្រាល និងក្រោយពេលសម្រាលអោយមានប្រសិទ្ធិភាព។
២. ការថែទាំក្រោយសម្រាល ត្រូវគិតអំពីគុណភាពសេវាEmONC ដែលត្រូវពិនិត្យឡើងវិញ ទៅលើធនធានមនុស្ស និងធនធានសម្ភារៈ ជាពិសេសការពិនិត្យប្រអប់សង្គ្រោះបន្ទាន់ ក្នុងបន្ទប់សម្រាល អោយបានជារៀងរាល់ថ្ងៃ ។
៣. ការចូលរួមក្នុងការបង្កើតសហការក្នុងការបង្កើតEmONC GIS ដើម្បីធានាការធ្វើដំណើរទៅទទួលសេវាសង្គ្រោះមាតា និងទារក អោយបានក្រោម២ម៉ោង ។
៤. បង្កើតប្រព័ន្ធ គណះកម្មការអង្កេតតាមដាន មរណៈភាពមាតា និងទារកជុំវិញកំណើត (MPDSR ) អោយមានប្រសិទ្ធិភាព ដើម្បីពង្រឹងសេវាថែទាំផ្ទៃពោះអោយកាន់តែប្រសើរ ក៍ដូចសេវាសង្គ្រោះផ្នែកសម្ភពនិងថែទាំទារកក្រោយកើត ។
៥. ការរៀបចំផែនការ ត្រូវរៀបចំយ៉ាងណាឱ្យចំគោលដៅនិងលទ្ធផលដែលចង់បាន។
៦. ការពិនិកត្យលើការទទួលសេវារបស់ស្ត្រី កុមារ និងយុវវ័យ ជាពិសេសក្រុមដែលងាយរងគ្រោះពីឧបសគ្គផ្សេងៗ ។
នៅចុងបញ្ចប់កម្មវិធី លោកជំទាវសាស្រ្តាចារ្យ បានថ្លែងអំណរគុណចំពោះខិតខំប្រឹងប្រែងអនុវត្តរបស់ក្រុមការងារចម្រុះជំនាញពាក់ពន្ធ័ ដើម្បីសម្រេចបាននូវសម្ធិផលជាច្រើននៅក្នុងឆ្នាំ២០២៤នេះ និងបន្តឆ្នាំខាងមុខ។
កិច្ចប្រជុំនេះរៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកនៃក្រសួងសុខាភិបាល និងឧបត្ថម្ភដោយ មូលនិធិសហប្រជាជាតិ (UNFPA) ដោយមានការចូលរួមពី សមាគមឆ្មបកម្ពុជានាយកដ្ឋានមន្ទីរពេទ្យ ប្រធាន អនុប្រធានផ្នែកគាំពារមាតា និងទារក ទាំង១១ខេត្ត រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ កំពង់ធំ សៀមរាប កំពង់ស្ពឺ និងខេត្តតាកែវ។