Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប (CPD) និងការអនុវត្តគ្លីនិកផ្អែកលើសមត្ថភាព
ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ  រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល និងជានាយកកម្មវិធីសុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិនៅកម្ពុជាបានអញ្ជើញជាជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប (CPD) និងការអនុវត្តគ្លីនិកផ្អែកលើសមត្ថភាព សិក្ខាសាលានេះបានរៀបចំឡើងដោយគណ:ឆ្មប កម្ពុជា និងសហការឧបត្ថម្ភដោយអង្គការ UNFPA។
 
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដូចជា៖
-ការផ្តល់ធាតុចូលពី សេវាសាធារណ និងឯកជនទៅលើខ្លឹមសារនៃការអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់ឆ្មប (CPD) ដោយផ្អែកលើយុទ្ធសាស្ត្រគន្លឹះចំនួនបី ការរស់រានមានជីវិត (Survive) ការរីកចម្រើន(Thrive) និងការផ្លាស់ប្តូរ (Transform) នៃយុទ្ធសាស្រ្តសកលស្តីពី សុខភាពស្រ្តី កុមារ និងវ័យជំទង់ ឆ្នាំ២០១៦-២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចបាននៅការអភិវឌ្ឍប្រកបដោយចីរភាព (SDG) ត្រឹមឆ្នាំ២០៣០ និងផ្អែកលើក្របខណ្ឌអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់ឆ្មប (CPD) របស់អង្គការUNFPA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច
-ការសិក្សា និងឯកភាពគ្នាទៅលើយុទ្ធសាស្រ្តនៃការអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់ឆ្មប ដែលឆ្លើយតបទៅនឹងបរិបទ និងធនធានរបស់មូលដ្ឋានសុខាភិបាល ដូចជាប្រជុំសម្ព័ន្ធសម្របសម្រួលឆ្មប (Midwifery Coordination Alliance Team- MCAT)ជាទៀងទាត់ ដោយមានការចូលរួមទាំងសេវាសាធារណៈ និងឯកជន ដែលដឹកនាំដោយមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដោយមិនពឹងផ្អែកលើថវិការរបស់ដៃគូរអភិវឌ្ឍតែមួយ ដែលនឹងទទួលស្កាល់ដៃគូរអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់ឆ្មបផ្លូវការ។

ក្នុងឱកាសនោះដែរ លោកជំទាវបានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើចំណុចមួយចំនួនដូចជា៖ ការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត គឺជាគន្លឹះក្នុងការចូលរួមពង្រឹងសមត្ថភាពរបស់ឆ្មប ដើម្បីលើកកម្ពស់គុណភាពថែទាំផ្ទៃពោះរបស់មាតា នៅមុនសម្រាល ពេលសម្រាល និងក្រោយសម្រាល។ ការយល់ដឹងពី រោគសញ្ញាហានិភ័យ និងការទំនាក់ទំនងគ្នាល្អ តាមរយៈការប្រជុំសម្ព័ន្ធឆ្មប (MCAT) គឺជាការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តយ៉ាងសំខាន់ ដែលឆ្មបម្នាក់ៗ ត្រូវបន្ត ដោយផ្សារភ្ជាប់នឹងការអនុវត្តន៍ជាក់ស្តែង ដូចជាការសង្គ្រោះមាតា និងទារក ( BmOCN ) ជាដើម។ ក្រៅពីការពង្រឹងសម្ថភាពរបស់ខ្លួន ឆ្មបនីមួយៗ ត្រូវប្រកបវិជ្ជាជីវៈ ដោយគោរពគោលការណ៍ សីលធម៍វិជ្ជាជីវៈទាំង៤ឱ្យបានជាប្រចាំកុំភ្លេចរឺធ្វេសប្រហែសឡើយ។ 

សិក្ខាសាលានេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាប្រធាន អនុប្រធានមន្ទីរពេទ្យថ្នាក់ជាតិទាំង៩ មន្ទីរសុខាភិបាលរាជធានី ខេត្តទាំង១០ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ប្រធានផ្នែកគាំពារមាតា និងទារក នៃការិយាល័យស្រុកប្រតិបត្តិសុខាភិបាលរាជធានី  និងអង្គការដៃគូពាក់ព័ន្ធ ក្រុមប្រឹក្សាគណៈឆ្មបរាជធានី មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យឯកជន ប្រមាណចំនួន ១២១នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

ប្រភេទព្រឹត្តិការណ៍