វេទិកាជាតិ ស្ដីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្រ្តី នៅរដ្ឋបាលមូលដ្ឋាន»
ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសុខាភិបាល បានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងវេទិកាជាតិស្ដីពី ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្រ្តី នៅរដ្ឋបាលមូលដ្ឋាន»។
វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងគោលបំណងដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនការចូលរួមរបស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងធ្វើសេចក្ដីសម្រេចនៅរដ្ឋបាលមូលដ្ឋាន។
វេទិកាជាតិនេះផ្ដោតសំខាន់លើអាទិភាព និងវិធានការគន្លឹះៗចំនួន៤គឺ៖
១.ការពង្រឹងការគាំទ្រផ្នែកនយោបាយ យន្តការគាំទ្រ និងបរិយាកាសនៅកន្លែងធ្វើការ ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ដ្រីជាថ្នាក់ដឹកនាំ និងអភិបាលកិច្ចគ្រប់កម្រិត
២.ពង្រឹងកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងបណ្ដាញរបស់ស្រ្តីក្នុងវិស័យសាធារណៈ និងនយោបាយ
៣.បង្កើនការយល់ដឹងនិងការគាំទ្រជាសាធារណៈលើភាពជាអ្នកដឹកនាំរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់កម្រិត
៤.លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី តាមរយៈការអនុវត្តកម្មវិធី និងការផ្ដួចផ្ដើមថ្មីនៅតាមគ្រឹះស្ថានសិក្សា និងនៅតាមសហគមន៍។