កិច្ចប្រជុំពិភាក្សា ស្តីពីការពិនិត្យសកម្មភាព និងការធ្វើផែនការនៃគម្រោងជំងឺមហារីករាជធានីភ្នំពេញ
ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការពិនិត្យសកម្មភាព និងការធ្វើផែនការនៃគម្រោងជំងឺមហារីករាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល ដោយទទួលបានការគាំទ្រពីអង្គការ City Cancer Challenge និងមានការចូលរួមពីមន្ទីរពេទ្យជាតិ មន្ទីរពេទ្យឯកជន មន្ទីរពេទ្យអង្គការ ដែលមានផ្តល់សេវាជំងឺមហារីកនៅរាជធានីភ្នំពេញ អង្គការសង្គមស៊ីវិល(CSO)និងដៃគូអភិវឌ្ឍ បានរៀបចំបង្កើតនូវផែនការសកម្មភាពសម្រាប់គ្រប់គ្រងជំងឺមហារីកដោយបានបែងចែកចេញជា១២គម្រោង និងលទ្ធផលរំពឹងទុកចំនួន២៥។ ការធ្វើផែនការសកម្មភាពជំងឺមហារីកបានរៀបចំឡើងដោយផ្អែកលើលទ្ធផលវាយតម្លៃពីតម្រូវការរបស់មន្ទីរពេទ្យ។
កិច្ចប្រជុំបានពិភាក្សាលម្អិតលើគម្រោងនីមួយៗ និងបានបញ្ចប់ដោយជោគជ័យ ដោយទទួលបាននូវធាតុចូលដ៏មានសារៈសំខាន់ពីភាគីពាក់ព័ន្ធ ក្នុងការរៀបចំនូវផែនការសម្មភាពគ្រប់គ្រងជំងឺមហារីកសម្រាប់គម្រោងនីមួយៗឱ្យមានភាពប្រសើរ និងឆ្លើយតបតម្រូវការផ្នែកសេវាជំងឺមហារីក។ ជំហានបន្ទាប់នាយកដ្ឋានជំនាញនឹងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យ សម្រេច និងការរៀបចំចាប់ដំណើរការ (Launching) នៃគម្រោង។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ ឯកឧត្តមលោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ តំណាងមន្ទីរពេទ្យជាតិ និងអង្គការជាដៃគូ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់នេះ ជាពិសេសអង្គការ City Cancer Challenge ដែលបានគាំទ្រក្រសួងសុខាភិបាលទាំងថវិកា និងបច្ចេកទេស។