ពិធីបើកសន្និសីទអន្តរជាតិគន្ធបុប្ផា លើកទី៩
ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៤
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសន្និសីទអន្តរជាតិគន្ធបុប្ផា លើកទី៩ នៅសាលសន្និសីទ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប-អង្គរ។
សន្និសីទអន្តរជាតិនេះ មានគោលបំណងចែករំលែកនូវបទពិសោធន៍ និងបច្ចេកទេសវេជ្ជសាស្ត្រពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិ ក្នុងការព្យាបាលថែទាំកុមារនិងទារក និងស្រ្តីមានផ្ទៃពោះដែលមានបញ្ហាមុន និងក្រោយសម្រាល។ លើសពីសន្និសីទអន្តរជាតិ ថ្ងៃនេះក៏ជាខួបគម្រប់ ៣២ឆ្នាំនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩២ ហើយសព្វថ្ងៃនេះមន្ទីរពេទ្យគន្ធបុប្ផា មានចំនួន ៥ទីតាំង មានគ្រែ ចំនួន ២ ២៦៥ និងបុគ្គលិក ចំនួន ២ ៦៨១នាក់។
ក្រៅពីការផ្តល់សេវាថែទាំជំងឺកុមារ និងទារក និងផ្នែកសម្ភព មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យជ័យវរ័្មនទី៧ បានដើរតួនាទីដ៏សំខាន់មួយទៀត គឺជាកន្លែងអនុវត្តបណ្តុះបណ្តាលគ្លីនិកផ្នែកវេជ្ជសាស្ត្រ គ្រូពេទ្យឯកទេសកុមារ គិលានុបដ្ឋាក និងឆ្មបគ្រប់កម្រិតយ៉ាងច្រើនទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះមូលនិធិគន្ធបុប្ផាស្វីស មូលនិធិគន្ធបុប្ផាកម្ពុជា និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបាននឹងបន្តជួយគាំទ្រឧបត្ថម្ភទាំងស្មារតី និងថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តការផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជូនប្រជាជនទូទាំងប្រទេស។
សន្និសីទអន្តរជាតិនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តម លោកជំទាវ សាស្រ្តាចារ្យ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងមន្ត្រីរាជការក្រសួងសុខាភិបាល តំណាងគណៈអភិបាលខេត្តសៀមរាប ប្រធានមន្ទីរពេទ្យជាតិ ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធាន អនុប្រធាន ក្រុមការងារមូលនិធិគន្ធបុប្ផាស្វីស អគ្គនាយក អគ្គនាយករង និងបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផា។