Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យព្រះអង្គឌួងសាមញ្ញា លើកទី២
ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៨.០០ព្រឹក នៅមន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សានៃមន្ទីរពេទ្យព្រះអង្គឌួងសាមញ្ញា លើកទី២ ឆ្នាំ២០២៤ អាណត្តិទី២ ដែលដឹកនាំដោយលោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យព្រះអង្គឌួង។ 

ប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖

១- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍ចំណូលចំណាយឆមាសទី០១ ឆ្នាំ២០២៤
២- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រចាំឆមាសទី០១ ឆ្នាំ២០២៤
៣- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍សមិទ្ធកម្មតាមកម្មវិធី អនុកម្មវិធីចង្កោមសម្មភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៤
៤- សុំពិនិត្យ និងអនុម័តលើការតែងតាំងសមាសភាពអង្គភាពសវនកម្មផ្ទៃក្នុង។

លោកជំទាវសាស្ត្រាចារ្យប្រធាន បានអនុញ្ញាតឱ្យឯកឧត្តមសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ជម្រាបអង្គប្រជុំនូវរបៀបវារៈខាងលើ ដើម្បីពិនិត្យ និងអនុម័ត។ បន្ទាប់មកលោកជំទាវសាស្ត្រាចារ្យប្រធានបានអនុញ្ញាតឱ្យអង្គប្រជុំពិនិត្យនិងអនុម័តនូវរបៀបវារៈដែលបានជម្រាបជូនខាងលើ។ 

ក្នុងនោះដែរ លោកជំទាវសាស្ត្រាចារ្យប្រធាន បានផ្តល់មតិណែនាំ និងកោតសរសើរដូចខាងក្រោម៖

- បន្តពង្រឹងគុណភាព និងរក្សាស្ថេរភាពនៃការផ្តល់សេវាមន្ទីរពេទ្យជូនដល់អតិថិជនប្រកបដោយស្តង់ដារ ទាំងគ្រូពេទ្យ និងគិលានុបដ្ឋាក ដើម្បីឱ្យពួកគាត់កាន់តែជឿទុកចិត្ត
- ត្រូវគិតបន្ថែមអំពីលំហូរនៃការទទួលសេវារបស់អ្នកអតិថិជន ការទទួល Feedback ពីអ្នកអតិថិជន ព្រោះអតិថិជនកាន់តែច្រើន ដើម្បីឱ្យពួកគាត់អាចទទួលយកបាន និងមានភាពពេញចិត្ត។ 
- ប្រធានផ្នែក និងនាយសាលថែទាំ តាមផ្នែក ត្រូវប្រកៀកស្មាគ្នាធ្វើការឱ្យបានស្អិតរមួត តាមដានការងារជាប្រចាំ និងធ្វើការងារឱ្យបានច្បាស់លាស់ ។ 
- ប្រធានថែទាំត្រូវមកធ្វើការមុនគេ រៀងរាល់ពេលព្រឹក ត្រូវដើរពិនិត្យបរិវេណមន្ទីរពេទ្យ អោយបានមុនពេលប្រជុំរួម។ 
-  ការងារដឹកនាំពិតជាមានសារៈសំខាន់ណាស់ ហេតុដូនេះ ត្រូវមានក្រុមការងារដែលមានគ្រប់ជំនាញរួមគ្នាជាក្រុម ហើយអ្នកដឹកនាំត្រូវមានចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រ 
- បង្កើនសមត្ថភាពបន្ថែម តាមរយៈការប្រជុំដោះស្រាយករណីផ្សេងជាប្រចាំ (RCP) 
- ប្រធានមន្ទីរពេទ្យ និងប្រធានថែទាំ ត្រូវដើរធ្វើការរួមជាមួយគ្នាក្នុងការត្រួតពិនិត្យលើការងារថែទាំអ្នកជំងឺ។ នៅពេលមានបញ្ហា ប្រធានថែទាំ ត្រូវរាយការណ៍ជូនប្រធានមន្ទីរពេទ្យដោយផ្ទាល់
- ត្រូវរៀបចំប្រព័ន្ធការងារថែទាំ និងការងារការពារការចម្លងរោគ ឱ្យបានកាន់តែមានស្តង់ដារ
- ការរៀបចំផែនការ និងពង្រឹងបន្ថែមនៅតាមផ្នែក និងការធ្វើនវានុវត្តនៅក្នុងមន្ទីរពេទ្យត្រូវមានជាប្រចាំ។ 

ជាចុងក្រោយ លោកជំទាវសាស្ត្រាចារ្យប្រធាន ក៏បានកោតសរសើរបន្ថែមចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យដែលខិតខំបំពេញការងារផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ និងបានជូនពរមន្ទីរពេទ្យឱ្យល្អប្រសើរថែមទៀត៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍