សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី ៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនៃពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ដល់ក្រសួងសុខាភិបាល និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គ្រឹះស្ថានបណ្តុះបណ្តាលវិទ្យាសាស្រ្តសុខាភិបាលទាំងរដ្ឋ និងឯកជនទាំងអស់ ត្រូវយកចិត្តទុកក្នុងការអនុវត្ត៖
១) ក្រសួងសុខាភិបាល និងវិស័យឯកជន ត្រូវបន្តការធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ តាមរយៈការបន្តអភិវឌ្ឍន៍ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដោយឈរលើសមត្ថភាពស្នូលជាគោល និងផ្ដោតការយកចិត្តទុកដាក់បន្ថែមទាំងជំនាញឯកទេស ទាំងជំនាញរឹង និងជំនាញទន់ ជាពិសេសការធ្វើការងារជាក្រុម ការគោរពវិន័យ និងការគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបម្រើសេវាជូនប្រជាពលរដ្ឋទៅតាមមូលដ្ឋានសុខាភិបាល។
២) ក្រសួងសុខាភិបាលត្រូវបន្តពង្រឹងកម្មវិធីសិក្សា និងបំផុសឱ្យនិស្សិត និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឱ្យអភិវឌ្ឍន៍ចំណេះដឹងជាប់ជាប្រចាំតាមរយៈស្វ័យសិក្សា និងការសិក្សាស្រាវជ្រាវ ក៏ដូចជាការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសក្ដានុពល និងប្រសិទ្ធភាព ព្រមទាំងការកសាងពលរដ្ឋឌីជីថលនៅប្រទេសកម្ពុជា សម្រាប់ការទាញយកផលប្រយោជន៍ជាអតិបរមាពីបដិវត្តន៍កម្មឌីជីថលដែលជាការរួមចំណែកដល់ការកសាងម៉ូដែលតំណាងថ្មីនៅកម្ពុជាដោយផ្អែកលើជំនាញបច្ចេកវិទ្យា និងនវានុវត្តន៍។
៣) ក្រសួងសុខាភិបាលត្រូវបន្តអនុវត្តពង្រឹងយន្តការតាមដាន និងការកែលម្អគុណភាពសេវានៅមូលដ្ឋានសុខាភិបាលគ្រប់កម្រិត រួមទាំងការតាមដាននិន្នាការនៃការពេញចិត្តចំពោះសេវាសុខាភិបាល របស់អ្នកជំងឺ និងអតិថិជន រៀបចំ និងអនុវត្តសកម្មភាពកែលម្អគុណភាពជាប្រចាំ ដោយរាប់បញ្ជូលទាំងសកម្មភាពអភិបាលកិច្ចគ្លីនិក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើនគុណភាពសេវាទៅដល់មួយកម្រិតដែលអ្នកជំងឺ និងប្រជាពលរដ្ឋទទួលបានដោយពេញចិត្ត។ ទន្ទឹមនឹងនេះ ត្រូវលើកកម្ពស់ភាពឆ្លើយតប និងគណនេយ្យភាពក្នុងការផ្ដល់សេវាថែទាំសុខភាពមានគុណភាពខ្ពស់ ដើម្បីរក្សាជំនឿទុកចិត្តរបស់អ្នកជំងឺ និងសាធារណៈតាមរយៈការអនុវត្តយន្តការសម្រាប់ទទួលព័ត៌មានត្រឡប់ ការត្អូញត្អែររបស់អ្នកជំងឺនៅមូលដ្ឋានសុខាភិបាល និងការដោះស្រាយទាន់ពេលវេលាត្រឹមត្រូវ និងតាមស្មារតីវិជ្ជាជីវៈ។
៤) ថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងសាស្ត្រាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខ ជាមគ្គេទេសក៍ ជាទីប្រឹក្សា ជាអ្នកស្រាវជ្រាវ និងជាអ្នកបណ្ដុះបណ្ដាលនូវនវានុវត្តន៍ ដែលត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ទាំងផ្នែកចំណេះដឹងវិធីសាស្ត្របង្រៀន និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជាពិសេស ការលើកទឹកចិត្តខ្ពស់ដល់សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាឱ្យបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ បង្កើនការស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួនដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និងការផ្សាយភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងក្នុងការផ្ទេរចំណេះដឹងដល់និស្សិត និងរួមចំណែកការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យសុខាភិបាលនៅកម្ពុជា។
៥) គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងការអនុវត្តច្បាប់ ជាពិសេសច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងពិនិត្យ និងកែសម្រួល ឬបង្កើតថ្មី នូវលិខិតបទដ្ឋានគតិយុត្តឱ្យស្របតាមបច្ចុប្បន្នភាព នៃសភាពការណ៍សង្គម និងឌីជីថលភាវូបនីយកម្ម។ គណៈវិជ្ជាជីវៈសុខាភិបាលនីមួយៗ ត្រូវធ្វើបច្ចុប្បន្នភាពបុគ្គលដែលកំពុងអភិវឌ្ឍន៍ការងារនៅកម្ពុជាទៅតាមជំនាញវិជ្ជាជីវៈសុខាភិបាលរៀងៗខ្លួន ក៏ដូចជាជំរុញការចុះបញ្ជិកាអ្នកវិជ្ជាជីវៈសុខាភិបាល ការស្នើ និងការបន្តអាជ្ញាប័ណ្ណអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ការសម្របសម្រួលលើកទឹកចិត្តឱ្យមានការបន្តអភិវឌ្ឍន៍វិជ្ជាជីវៈសុខាភិបាលព្រមទាំងត្រូវរៀបចំផែនការ និងចុះពិនិត្យសម្បទារក្នុងការប្រកបវិជ្ជាជីវៈសុខាភិបាលជាទៀងទាត់ និងត្រូវតាមដានជាប់ជាប្រចាំនូវបាតុភាពវិជ្ជាជីវៈ និងឆ្លើយតបដោះស្រាយឱ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។