ក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែក និងលើកទិសដៅបន្តជុំទី៣ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ
ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៤
ខេត្តឧត្តរមានជ័យ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ និងឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ លោកវេជ្ជបណ្ឌិត ប្លុង ធំ អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែកអន្លង់វែង ក្រោមឱវាទមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
គោលបំណងនៃបេសកកម្ម ផ្តោតលើប្រាំពីរផ្នែកសំខាន់ៗរួមមាន: (១) ហេដ្ឋារចនាសម្ព័ន្ធ និងរថយន្តគិលានសង្គ្រោះ (២) ធនធានមនុស្ស និងបណ្តុះបណ្តាល (៣) សេវាគ្លីនិក (ផ្នែកសង្គ្រោះបន្ទាន់ ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៍ ផ្នែកវះកាត់ និងផ្នែកសម្ភព-រោគស្រ្តី និងផ្នែកសុខភាពមាត់-ធ្មេញ) (៤) ឱសថ ឧបករណ៍ សម្ភារបរិក្ខារពេទ្យ (៥) ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ (៦)ការលើកកម្ពស់គុណភាពសេវា និង (៧) លក្ខខណ្ឌច្បាប់ និងរដ្ឋបាល។
ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មនោះដែរ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងការកោតសរសើរ ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាល ដែលបានខិតខំប្រឹងប្រែង និងលះបង់កម្លាំងកាយចិត្តខ្ពស់ ក្នុងការងារបម្រើសេវាសុខាភិបាលជូនប្រជាជនទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងណែនាំដល់មន្រ្តី បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ពង្រឹងសមត្ថភាពការងារ និយាមវិជ្ជាជីវៈ ការបដិសណ្ឋារកិច្ចល្អ មានឥរិយាបថទន់ភ្លន់ រួសរាយរាក់ទាក់ ក្នុងការបម្រើសេវាប្រកបដោយប្រសិទ្ធិភាព គុណភាព សុវត្ថិភាព។
ក្រោយសកម្មភាពចុះត្រួតពិនិត្យ ក្រុមការងារក៏មានកិច្ចប្រជុំបូកសរុបការងារ និងផ្តល់ព័ត៌មានត្រឡប់ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ណាក កមល អភិបាលរង នៃគណៈអភិបាលស្រុកអន្លង់វែង ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអន្លង់វែង ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្រ្តីក្រោមឱវាទ ដើម្បីពិភាក្សា ដោះស្រាយបញ្ហាប្រឈម និងលើកផែនការអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកស្រុក ធ្វើយ៉ាងណាឱ្យមានការរីកចម្រើន ដើម្បីបម្រើសេវាជូនប្រជាជនប្រកបដោយគុណភាព សុវត្ថិភាព ស្របតាមគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល៕