Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើង៖ “កំណែទម្រង់ គឺសំដៅគុណភាពសេវាសុខាភិបាល កាន់តែប្រសើរ”
ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤,០៥៥នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលជាមួយសិក្ខាកាម និងផ្តល់ការលើកចំណាប់អារម្មណ៍ពីការយល់ដឹងនៃការសិក្សាស្វែងយល់ពីភាពជាដឹកនាំ ដើម្បីបានទទួលព័ត៌មានត្រឡប់ពីវគ្គសិក្សានាពេលកន្លងមក ក៏ដូចជាការប្រមូលធាតុចូលសម្រាប់រៀបចំវគ្គនេះនាពេលអនាគត។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបាឋកថាលើប្រធានបទ “ការប្រើប្រាស់កំណែរទម្រង់ក្នុងការងារដឹកនាំអង្គភាពឱ្យទទួលបានជោគជ័យ” ដោយបានបង្ហាញពីប្រភេទនៃការធ្វើកំណែរទម្រង់ ព្រមទាំងសារៈសំខាន់ និងភាពចំាបាច់របស់មូលដ្ឋានសុខាភិបាលទាំងអស់ ដែលត្រូវធ្វើ “កំណែទម្រង់ដែលមានលក្ខណៈគិតគូរគ្រោងទុក និងកំណែទម្រង់ដែលត្រូវធ្វើបន្ទាន់” សំដៅបង្កើនប្រសិទ្ធភាពនៃសេវារបស់ខ្លួន ហើយដើម្បីធ្វើការកែទម្រង់ឱ្យទទួលបានជោគជ័យ អ្នកដឹកនាំត្រូវការចំនុចគន្លឹះចំនួន៤គឺ (១)មានការប្តេជ្ញាចិត្ត (២)មានសមត្ថភាពក្នុងការដឹកនាំការងារ (៣)មានភាពឈ្លាសវៃ និង (៤) មានឆន្ទះ និងភាពម្ចាស់ការខ្ពស់។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់ធ្វើការពិចារណាលើទស្សនៈ ដែលថា កំណែទម្រង់ គឺជាដំណើរការ (a process) មិនមែនជាព្រឹត្តិការណ៍ទេ (not an event) ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនៅលើប្រធាបទនេះ។ 

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះក៍មានបទបង្ហាញដើម្បីកាត់បន្ថយរយៈពេលរង់ចាំរបស់អ្នកជំងឺទទួលសេវាពិនិត្យជំងឺក្រៅនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង។

Image 1
Image 2
Image 3
Image 4
Image 5

ប្រភេទព្រឹត្តិការណ៍