កិច្ចប្រជុំប្រចាំឆ្នាំ២០២៤របស់ក្រុមការងារបច្ចេកទេសគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំមេរោគនៃក្រសួងសុខាភិបាល
ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងតាមការចង្អុលបង្ហាញពីឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារបច្ចេកទេសគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគតាមរយៈប្រព័ន្ធវីដេអូសន្និសីទ។
កិច្ចប្រជុំនេះមានគោលបំណងបូកសរុបការងារបច្ចេកទេសលើការងារការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងរយ:ពេលមួយឆ្នាំ រួមទាំងការរៀបចំកម្មវិធីសិក្សានូវមុខវិជ្ជាស្តីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគបណ្តុះបណ្តាលសម្រាប់និស្សិត នៃគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល។ ក្នុងកិច្ចប្រជុំនេះក៏មានការចែករំលែកផងដែរ នូវបទពិសោធន៍របស់ក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ នៃមន្ទីរពេទ្យជាតិចំនួនបួន គឺមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ព្រះអង្គឌួង កុមារជាតិ និងមន្ទីរពេទ្យបង្អែកខេត្តចំនួនពីរ គឺមន្ទីរពេទ្យខេត្តសៀមរាប និងកំពត ជូនដល់សមាជិកអង្គប្រជុំទាំងផ្ទាល់ និងតាមប្រព័ន្ធវីដេអូសន្និសីទ អំពីលទ្ធផលនៃការធ្វើអង្កេតចំណុចប្រេវ៉ាឡង់ (Point Prevalent Survey) ដែលបានបង្ហាញអំពីវឌ្ឍនភាពដ៏ប្រសើរ បញ្ហាប្រឈមដំណោះស្រាយ និងផែនការបន្ទាប់ ដើម្បីធានាបានការប្រើប្រាស់ឱសថប្រឆាំងមេរោគមានប្រសិទ្ធភាព សក្តិសិទ្ធភាព តក្កភាព សំដៅលើកកម្ពស់លទ្ធផលសុខភាពជូនអ្នកជំងឺបានប្រសើរបំផុត។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមផ្ទាល់ដោយអនុប្រធាន និងសមាជិកក្រុមការងារបច្ចេកទេសគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ នៃក្រសួងសុខាភិបាលតំណាងដៃគូអភិវឌ្ឍចំនួន៣០នាក់ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល រាជធានីខេត្ត ប្រធានអនុប្រធានមន្ទីរពេទ្យបង្អែករាជធានីខេត្ត ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកកម្រិតពីរ CPA2 និងកម្រិតមួយ CPA1 ក្រុមការងារគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៃមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានីខេត្តទូទាំងប្រទេសដែលបានចូលរួមជាលក្ខណ:ក្រុម និងលក្ខណ:បុគ្គលនៅនឹងកន្លែងតាមវីដេអូសន្និសីទ សរុបចំនួនប្រមាណ៤០០រូប។