វេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦
ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម សុខ សំអាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ ក្រោមប្រធានបទ «សិទ្ធសេរីសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាល ក្នុងបរិបទនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា» នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលពិធីបើកវេទិការក្រោមអធិបតី ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងពិធីបិទវេទិការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ការរៀបចំវេទិកាលើកទី៦នេះ ដើម្បីរួមគ្នាពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារដែលសម្រេចបានបន្ទាប់ពីវេទិកាលើកទី៥ ប្រមូលបញ្ហាប្រឈមនានា ដើម្បីពិភាក្សាពិគ្រោះយោបល់ និងសម្របសម្រួលស្វែងរកដំណោះស្រាយ សំដៅលើកកម្ពស់ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ព្រមទាំងការចែករំលែកអំពីបទពិសោធល្អៗ និងលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត។
វេទិកាលើកទី៦នេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល អាជ្ញាធររដ្ឋបាលរាជធានី-ខេត្តទាំង២៥ តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការសង្គមស៊ីវិល សរុបប្រមាណ៥២០នាក់៕