ការចុះត្រួតពិនិត្យ និងប្រគល់-ទទួល ឱសថព្យាបាលជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម សម្រាប់ការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល
ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងប្រគល់-ទទួល ការផ្គត់ផ្គង់ឱសថព្យាបាលជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែមសម្រាប់អនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល នៅឃ្លាំងឱសថកណ្តាល (CMS) ដោយមានការចូលរួមដោយឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោក លោកស្រី តំណាងអង្គភាពក្រោមឱវាទក្រសួងសុខាភិបាល តំណាងឃ្លាំងឱសថកណ្តាល និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ជាលទ្ធផល សមាជិកទាំងអស់បានធ្វើការត្រួតពិនិត្យឱសថព្យាបាលជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ដោយផ្ទៀងផ្ទាត់នូវបរិមាណលក្ខណៈបច្ចេកទេស គុណភាព និងប្រភពត្រឹមត្រូវ ទៅតាមល័ក្ខខ័ណ្ឌកិច្ចសន្យា ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបានដាក់ចុះនូវវិធានការគន្លឹះទាំង៥ សម្រាប់ដោះស្រាយបញ្ហាប្រឈមជាអាទិភាព រួមមានការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងដើម្បីឆ្លើយតបទៅនឹងតម្រូវការពេលវេលាចាំបាច់ ក្នុងការប្រើប្រាស់ឱសថទាំងនេះសម្រាប់ប្រើប្រាស់ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាជនគោលដៅ នៅក្នុងមូលដ្ឋានសុខាភិបាល ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ ក៏បានផ្តែផ្តាំដល់មន្រ្តីដែលទទួលបន្ទុកការងារនេះ ឱ្យយកចិត្តទុកដាក់បន្ថែម ក្នុងការពិនិត្យទៅលើលទ្ធភាពនិងបច្ចុប្បន្នភាពនៃតម្រូវការប្រើប្រាស់ឱសថព្យាបាលជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែមជាក់ស្តែង ស្របតាមមគ្គុទេសព្យាបាលប្រកបដោយប្រសិទ្ធិភាព និងស័ក្តសិទ្ធភាព ព្រមទាំងតាមដានស្តុក និងគ្រប់គ្រងគុណភាពឱសថឱ្យបានត្រឹមត្រូវ មុននឹងបែងចែកទៅដល់អ្នកប្រើប្រាស់។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកទាំងអស់ ដែលបានចូលរួមយ៉ាងយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងប្រគល់-ទទួល ឱសថ សម្រាប់ផ្គត់ផ្គង់ជូនមូលដ្ឋានសុខាភិបាល ដើម្បីចូលរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយ និងពង្រឹងគុណភាពក្នុងវិស័យសុខាភិបាលប្រទេសកម្ពុជា។