ខេត្តតាកែវ៖ នារសៀលថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺនិងក្រុមគ្រួសារ នៅមន្ទីរពេទ្យខេត្តតាកែវ។
ក្នុងដំណើរចុះពិនិត្យកិច្ចការបម្រើសេវាសុខាភិបាលសាធារណៈ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងក្តីរីករាយចំពោះទំនុកចិត្តនៃបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ ដែលលោកមកទទួលសេវាច្រើនកុះករ ទាំងផ្នែកពិគ្រោះក្រៅ សម្រាកពេទ្យ វះកាត់ និងសេវាសំរាលបុត្រ។ ក្រុមការងារជំនាញបានចុះពិនិត្យតាមទីតាំងបម្រើសេវា និងជួបសំណេះសំណាលសួរនាំបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាល។
ឆ្លៀតឱកាសចុះពិនិត្យបចុប្បន្នភាព និងវឌ្ឍនភាពសេវាសុខាភិបាលសាធារណៈ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល មន្ត្រីអាជ្ញាធរមូលដ្ឋាន អំពីការប្រឹងប្រែងបំរើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋទូលំទូលាយ។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍លើកទឹកចិត្តដល់មន្រ្តីពាក់ពន្ធ័ទាំងអស់ បង្កើនសាមគ្គីភាព បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ពិសេសគឺពិនិត្យលើការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ។ លើសពីនេះ គឺត្រូវបង្កើនសមត្ថភាពជំនាញ តាមរយៈការបណ្តុះបណ្តាលបន្ត លើកផ្នែកសង្រ្គោះបន្ទាន់ ផ្នែកវះកាត់ និងការកកត់ត្រា រក្សាទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ ជាពិសេសការរៀបចំ ថែទាំសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងផ្នែករូបភាពវេជ្ជសាស្រ្ត និងសមត្ថភាពភាពជាអ្នកដឹកនាំគ្រប់កម្រឹត។