ការចុះត្រួតពិនិត្យ និងពង្រឹងការផ្តល់សេវាសាធារណៈនៅមូលដ្ឋានមណ្ឌលសុខភាព
ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៤
ខេត្តពោធិ៍សាត់៖ ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពីឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាព នៃមណ្ឌលសុខភាពចំនួន៦ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់មានដូចជា មណ្ឌលសុខភាព ក្រគរ អន្លង់ត្នោត និងព្រែកពោធិ៍ នៃការិយាល័យស្រុកប្រតិបត្តិក្រគរ មណ្ឌលសុខភាព កញ្ជរ ស្យា និងវត្តពោធិ៍ នៃការិយាល័យស្រុកប្រតិបត្តិ សំពៅមាស ខេត្តពោធិ៍សាត់។
ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំនិងបុគ្គលិកមណ្ឌលសុខភាពមានដូចជា៖
- បង្កើនការយកចិត្តទុកដាក់ ការងារអនាម័យ និងភាពស្អាតនៅក្នុង និងក្រៅអគារ
- ការគ្រប់គ្រង ការចែកចាយឱសថ វ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យ និងការគ្រប់គ្រងឱសថ
- ខិតខំកត់ត្រាព័ត៌មានអ្នកជំងឺឱ្យបានគ្រប់ជ្រុងជ្រោយ
-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ព្រមទាំងមធ្យោបាយបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
- ត្រៀមលក្ខណៈ សម្រាប់អន្តរាគមន៍ជួយប្រជាពលេដ្ឋពេលមានគ្រោះអាសន្ន
- ផ្តល់ឱកាសទូលំទូលាយទទួលយកព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ និង
- បង្កើនសកម្មភាពអប់រំសុខភាពនៅតាមសហគមន៍។
នាក្នុងឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលអ្នកជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យមានការសហការពី លោកវេជ្ជបណ្ឌិត សៅ ហួ អនុប្រធានមន្ទីរសុខាភិបាលព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យស្រុកប្រតិបត្តិ ក្រគរ និងសំពៅមាសផងដែរ។