Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ទទួលជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ
ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល បានជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ។

ឯកឧត្តមសាស្ត្រាចារ្យ បានកត់សំគាល់ និងវាយតម្លៃវិជ្ជមានបំផុតលើ ឆន្ទៈរៀនសូត្រដោយភាពរីករាយ របស់មន្ត្រីសុខាភិបាលខេត្តព្រះសីហនុ ចំពោះវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ និងនាវានុវត្តន៍” ដែលឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ដឹកនាំបណ្តុះបណ្តាលដោយផ្ទាល់តាំងតែពីដំបូង រហូតពេលបច្ចុប្បន្ន។

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ក៍បានវាយតម្លៃខ្ពស់ និងលើកសសើរលើឥរិយាបទល្អ ប្រកបដោយវិជ្ជមានភាពរបស់បុគ្គលិសុខាភិបាលភាគច្រើនលើសលុប តាមរយះកាយវិការនៃភាពរួសរាយរាក់ទាក់ ជំហររួបរួមសាមគ្គីគ្នាក្នុងពេលបំពេញការងារ ពិសេសការខិតខំបង្ហាញជាគំរូពីថ្នាក់ដឹកនាំក្នុងនាទីទទួលខុសត្រូវរបស់ខ្លួន។

ជាចុងក្រោយមតិផ្តាំផ្ញើររបស់ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ដល់គ្រប់អ្នកដឹកនាំសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ ផ្តោតលើ ប្រាំទិដ្ឋភាពនៃភាពជាអ្នកដឹកនាំ រួមគ្នា៖
១- ដឹកនាំ ត្រូវចេញពីការស្រលាញ់ដោយពិតប្រាកដ ដោយបេះដូង
២- ដឹកនាំ ត្រូវឈរលើគំនិតប្រាជ្ញា បែបគតិបណ្ឌិត (គិតល្អ គិតត្រូវ សំដៅបម្រើប្រយោជន៏សាធារណៈ មានន័យថាប្រយោជន៏បងប្អូនប្រជាពលរដ្ឋ រួមទាំងយើងទាំងអស់គ្នាក្នុងនោះ)
៣- ដឹកនាំ គឺត្រូវការធ្វើដោយផ្ទាល់ បង្ហាញដោយផ្ទាល់ ធ្វើជាគំរូ
៤-ដឹកនាំ គឺសំដៅលើកិច្ចការដែលត្រូវធ្វើអោយបានល្អបំផុត រហូតធ្វើបានបានជាទម្លាប់ និងបង្កើតជាប្រពៃណីល្អយូរអង្វែង
៥- ដឹកនាំ ត្រូវមានសុខភាពបរិបូរណ៍ ផ្តើមពីខ្លួនម្នាក់ៗ។
បន្ថែមពីលើនេះ គឺត្រូវស្រលាញ់ និងបន្តការរៀនសូត្រ ការបណ្តុះបណ្តាលបន្ត បង្កើនសមត្ថភាពខ្លួនជាគ្រូពេទ្យ ជាគិលានុបដ្ឋាក-យិកា ជាឆ្មប ជាអ្នកចូលខ្លួនចូលរួមថែទាំអ្នកជំងឺ ប្រកបដោយសមត្ថភាពខ្ពស់ជឿទុកចិត្តបាន ប្រកបដោយគុណធម៌ ផ្តល់គំរូដល់សហភាតរដទៃគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីជាប្រយោជន៍រួមធានាការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស ជាប្រតិភូក្រសួងសុខាភិបាល អមដោយសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

ប្រភេទព្រឹត្តិការណ៍