Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ការចុះពង្រឹងការងារផ្ដល់សេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព សំដៅជំរុញបង្កើនការថែទាំសុខភាពបឋមនៅក្នុងខេត្តព្រៃវែង
ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤

ខេត្តព្រៃវែង៖ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ ដោយមានការចូលរួមដំណេីរដោយលោកជំទាវឱសថការី លី គឹអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្ដដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល​ បានបំពេញដំណើរបេសកកម្មក្នុងខេត្តព្រៃវែង ដើម្បី៖
១.​ ប្រជុំត្រួតពិនិត្យ​ និងពិភាក្សាលើការអនុវត្តការកែលម្អគុណភាពសេវាសុខាភិបាលនៅកម្រិតមណ្ឌលសុខភាព និងការជំរុញចូលរួមអនុវត្តក្របខណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋមនៅក្នុងខេត្តព្រៃវែង។ 
២.​ ចុះពិនិត្យមណ្ឌលសុខភាពដែលត្រូវជួយកែតម្រូវគុណភាព​ និងកែលម្អបន្ថែម​ ដោយឱ្យមានការស្វែងយល់​ និងរៀនសូត្រពីមណ្ឌលសុខភាពដែលជាប់លេខ៤​ ទូទាំងប្រទេស។ 
៣.​ ជំរុញកិច្ចសហប្រតិបត្តិការពីដៃគូចំនួន​ ៦​ ដែលកំពុងធ្វេីការនៅក្នុងខេត្តព្រៃវែង។ 

កិច្ចប្រជុំនេះបានធ្វើឡើងនៅក្នុងសាលប្រជុំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង ដោយមានអ្នកចូលរួមសរុបចំនួន ១៥០នាក់ រួមមាន ឯកឧត្ដមប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានការិយាល័យចំណុះមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត-ស្រុក ប្រធានមណ្ឌលសុខភាព និងដំណាងដៃគូអភិវឌ្ឍ។ ក្នុងឱកាសនេះ លោកជំទាវបានជំរុញដល់ថ្នាក់ដឹកនាំវិស័យសុខាភិបាលក្នុងខេត្ត ប្រធានការរិយាល័យសុខាភិបាលស្រុកប្រតិបត្តទាំង៩ សហការជាមួយប្រធានមណ្ឌលសុខភាពទាំងអស់​ ត្រូវកំណត់យកមណ្ឌលសុខភាពដែលមានសក្តានុពល និងដាក់ផែនការអភិវឌ្ឍជាមណ្ឌលសុខភាពគំរូ​ ដោយកំណត់ចំនួនជាលំដាប់ៗ​  ដោយរៀនសូត្រពីមណ្ឌលសុខភាពព្រៃព្នៅ​ ដែលជាប់លេខ៤​ ទូទាំងប្រទេស​។ 

បន្ថែមលើនេះ លោកជំទាវក៏បានចុះពិនិត្យមណ្ឌលសុខភាព ពពឹសនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តស្វាយអន្ទរ និងមណ្ឌលសុខភាពព្រៃព្នៅនៃការិយាល័យសុខាភិបាលស្រុកប្រត្តបត្តិពារាំងផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

ប្រភេទព្រឹត្តិការណ៍