Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ការចុះពិនិត្យស្ថានភាព នៃមណ្ឌលសុខភាពចំនួន៩ នៅខេត្តកំពង់ឆ្នាំង
ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤

ខេត្តកំពង់ឆ្នាំង៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពីឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយលោកវេជ្ជបណ្ឌិត ឃូ អ៊ាងអ៊ូ អនុប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងលោក ស៊្រន សៀវប៉ាវ មន្រ្តីជំនួយការ បានចុះទៅពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន៩ នៅខេត្តកំពង់ឆ្នាំង ដែលមាន ដូចជាមណ្ឌលសុខភាពជើងគ្រាវ តាំងក្រសាំង ក្បាលទឹក ជៀប ចោងម៉ោង អភិវឌ្ឍន៍ ព្រៃមូល ស្រែថ្មី និងកំពង់ឆ្នាំង ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយ  ប្រសិទ្ធភាពខ្ពស់ និងសមធម៌។ បេសកកម្មនេះក្រុមការងារបានជួបប្រជុំ និងមានការអញ្ជើញចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិខេត្តកំពង់ឆ្នាំង  រួមទាំងឯកឧត្តមប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ៨ចំណុច៖
១- ហេដ្ឋារចនាសម្ព័ន្ឋសុខាភិបាលដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព 
២- ធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស 
៣- ការគ្រប់គ្រងការចែកចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ
៤- លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ
៥- ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦- ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧- ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ និង
៨- ការធ្វើបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ។

ជាចុងក្រោយឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុកពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍