ទីស្តីការក្រសួងមហាផ្ទៃ៖ ព្រឹកថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិ សុវត្ថិភាពផ្លូវគោក បានអញ្ជើញចូលក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និង លើកទិសដៅការងារ ឆមាសទី ២ ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ជើងគោក។
កិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និង ទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ នេះបានផ្តោតទៅលើ៖ ការងារលិខិតបទដ្ឋានសំខាន់ៗ ការងារផ្សព្វផ្សាយអប់រំច្បាប់ ការងារឯកទេសជំនាញ ការងារសហប្រតិបត្តិការជាមួយស្ថាប័នជាតិ អន្តរជាតិ លទ្ធផលត្រួតពិនិត្យ រឹតបន្តឹងអនុវត្តច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ប្រតិកម្មរបស់សាធារណៈជន ការសន្និដ្ឋាន និងទិសដៅបន្ត។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន អភិបាល នៃគណៈអភិបាល រាជធានី/ខេត្ត ស្នងការ រាជធានី/ខេត្ត និងកងកំលាំងពាក់ព័ន្ធ។